Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្តៅ​កើនឡើង​នៅ​តៃវ៉ាន់ ទៀតហើយ ! សមាជិកសភា​អាមេរិក បំពេញ​ទស្សនកិច្ច រីឯ​ចិន ប្រកាស​ធ្វើ​សមយុទ្ធ​បន្ថែម​ក្បែរ​កោះ​តៃវ៉ាន់

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​យោធា​ចិន បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​ឲ្យ​ដឹងថា កងកម្លាំង​យោធា​ចិន រៀបចំ​ការធ្វើ​សមយុទ្ធ​បន្ថែមទៀត​នៅក្បែរ​កោះ​តៃវ៉ាន់ នា​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេលដែល​ប្រតិភូ នៃ​សភា​សហរដ្ឋអាមេរិក មក​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ហើយ​ជួប​ជាមួយ​លោកស្រី Tsai,Ing-Wen ប្រធានាធិបតី​តៃវ៉ាន់ ដោយ​ទីក្រុង​ប៉េកាំង ចាត់ទុកថា ជាការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​របស់ខ្លួន ។​

​បញ្ជាការដ្ឋាន​ភូមិភាគ​ខាងកើត​របស់​យោធា​ចិន បានប្រកាស​ឲ្យ​ដឹងថា កងកម្លាំង​យោធា​បានរៀបចំ​ការធ្វើ​សមយុទ្ធ​ចម្រុះ​ក្នុង​ទម្រង់​ល្បាត និង​ប្រយុទ្ធ​នៅលើ​ផ្ទៃសមុទ្រ និង​ផ្ទៃ​អាកាស ក្បែរ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ ។

​កងកម្លាំង​យោធា​ចិន បាន​សង្កត់ធ្ងន់​ទៀតថា ការធ្វើ​សមយុទ្ធ​បន្ថែម​នេះ គឺជា​ការបង្ហាញ​នូវ​គោលជំហរ​យ៉ាងរឹងមាំរ​បស់​ចិន ដើម្បី​ប្រឆាំង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ដែល​កំពុង​បន្ត​លេងល្បែង​នយោបាយ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខសន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ។

​ដោយ​ពុំមាន​ការប្រកាស​ឲ្យ​ដឹង​ជាមុន សមាជិកសភា​សហរដ្ឋ​អាមេរិក ចំនួន​៥​នាក់ បានមក​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ ។ នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​សភា​សហរដ្ឋអាមេរិក បន្ទាប់ពី​ការបំពេញ​ទស្សនកិច្ច​របស់លោក​ស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក កាលពីដើម​ខែសីហា ឆ្នាំ​២០២២ ហើយ​ក៏បាន​ជំរុញ​ឲ្យ​កង​កម្លាំងយោធា​ចិន ធ្វើ​សមយុទ្ធ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់ ដែល​ទើប​បញ្ចប់​នាពេល​កន្លងទៅ​ថ្មីៗ​ផងដែរ ៕