Views: 7
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តៃវ៉ាន់បានដាក់យន្តហោះចម្បាំង កងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលរបស់ខ្លួនប្រុងជើងការខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធទ្រង់ទ្រាយធំនៃយន្តហោះចំនួន ៣៤ គ្រឿងនិងនាវាចម្បាំង ៩ គ្រឿងរបស់យោធាចិននៅច្រកសមុទ្រតៃវ៉ាន់។
រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃទី៣១មករាបានណែនាំដល់កម្លាំងទ័ពអាកាសនិងកងទ័ពជើងទឹករបស់ខ្លួនធ្វើប្រតិបត្តិការដ៏សំខាន់មួយ ដែលឃើញយន្តហោះចិនចំនួន ២០គ្រឿងបើកឆ្លងកាត់ខ្សែកណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលគេមើលឃើញថាជាតំបន់ទ្រនាប់រវាងកោះនេះនិងចិនដីគោក នេះបើយោងតាមក្រុមមន្ត្រីយោធាតៃវ៉ាន់។
ភាពតានតឹងចុងក្រោយរវាងរដ្ឋទាំងពីរ ហើយកើតឡើងបន្ទាប់ពីការធ្វើសមយុទ្ធយោធារបស់ចិនប៉ុន្មានសប្តាហ៍នៅជិតលំហអាកាសរបស់តៃវ៉ាន់ ដែលនាំឱ្យរដ្ឋាភិបាលក្រុងតៃប៉ិនិងសម្ពន្ធមិត្តអាម៉េរិកមានការបារម្ភអំពីលទ្ធភាពបិទផ្លូវទឹកឬការវាយប្រហារភ្លាមៗ។
សមយុទ្ធយោធាដ៏គួរឱ្យព្រួយបារម្ភរបស់ចិនបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំង “មិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំង” ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្រួបបង្រួមគ្នាឡើងវិញនោះឡើយ។
ក្នុងប៉ុន្មានសប្តាហ៍មកនេះ ចិនបានបញ្ជូននាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះគាំទ្រ ចូលទៅក្នុងដែនអាកាសក្បែរកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃដោយសង្ឃឹមថានឹងបន្ថយធនធានយោធាដែលមានកំណត់របស់កោះនេះ និងកាត់បន្ថយការគាំទ្រដល់ប្រធានាធិបតីគាំទ្រឯករាជ្យ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen)។
យន្តហោះចម្បាំងរបស់ចិនក៏បានប្រឈមមុខនឹងយន្តហោះយោធារបស់អាម៉េរិកនិងប្រទេសសម្ពន្ធមិត្តនៅលើដែនអាកាសអន្តរជាតិនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតផងដែរនៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងពណ៌នាថាជាសមយុទ្ធដ៏គ្រោះថ្នាក់និងគំរាមកំហែង។
តៃវ៉ាន់បានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចិនដោយបញ្ជាទិញអាវុធការពារបន្ថែមទៀតពីសហរដ្ឋអាម៉េរិកដោយប្រើប្រាស់លទ្ធិប្រជាធិបតេយ្យនិងសេដ្ឋកិច្ចបច្ចេកវិជ្ជាខ្ពស់របស់ខ្លួនដើម្បីពង្រឹងទំនាក់ទំនងបរទេស និងធ្វើឱ្យឧស្សាហកម្មអាវុធក្នុងស្រុកមានភាពរស់រវើកឡើងវិញ៕




កងទ័ព យន្តហោះ និងប្រព័ន្ធមីស៊ីលរបស់តៃវ៉ាន់ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ដើម្បីរង់ចាំទប់ទល់នឹងចិន