
ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: គិតត្រឹមរសៀលថ្ងៃទី២៩វិច្ឆិការ២០២០នេះ ការវិវត្តរបស់អ្នកជំងឺដែលបានសង្ស័យថា ពុលស្រាសស្រាថ្នាំដែលបានបញ្ជូនពីស្រុកទឹកផុសមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅពេលនេះ បានកើនឡើងរហូតដល់ទៅ១០៥នាក់ ហើយដែលសង្ស័យថា ពុលស្រាសស្រាថ្នាំក្នុងនោះការកើនឡើង នៃអ្នកស្លាប់ ក៏បានកើនឡើងរហូត៦នាក់ផងដែរ។
អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសុខាភិបាលលោក ហុងគឹមចេង បានបញ្ជាក់ថា អ្នកដែលសង្ស័យថា ពុលស្រាស៣៥នាក់បន្ថែមទៀត ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងនោះមានអាការៈធ្ងន់ចំនួន៣នាក់ ក៍និងត្រៀបញ្ជូនទៅសង្គ្រោះនៅភ្នំពេញផងដែរ ។
លោកបានបញ្ជាក់ថា ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរសុខាភិបាល ជាមួយក្រសួងសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងបានយកវត្ថុវិភាគមួយចំនួនមានស្រាស និង ស្រាថ្នាំ យកមកធ្វើវិភាគ នៅភ្នំពេញហើយ ។
លោកក៍ បានសំណូមពរឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់បញ្ឈប់ការហូបស្រាស ពីព្រោះពេលនេះកំពុងតែកើតឡើងករណីពុល ដែលខាងជំនាញបច្ចេកទេស កំពុងតែដាក់សង្ស័យទៅលើស្រាសនេះ ។
ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានឲ្យដឹងតាមរយទូរសព្ទនៅវេលាម៉ោង៣និង៤៣នាទីថ្ងៃទី២៩វិច្ឆិការ២០២០នេះថា អ្នករងគ្រោះដោយសារករណីពុលស្រាសស្រាថ្នាំ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមានការកើនឡើងរហូតដល់ ១០៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់នៅពាក់កណ្តាលផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញចំនួន២នាក់។ អ្នកដែលស្លាប់នៅមូលដ្ឋាន២នាក់ ក្នុងថ្ងៃនេះមានអ្នកស្លាប់១ទៀតនៅក្នុងមន្ទីពេទ្យ និង១នាក់ទៀតបានស្លាប់នៅមន្ទីពេទ្យកាលម៉ែត្រក្រុងភ្នំពេញ ដែលធ្វើអោយអ្នកស្លាប់មានការកើនឡើង រហូតដល់ទៅចំនួន៦នាក់ផងដែរនេះ មិនមានជាប់ពាក់ពន្ធនិងអ្នកទៅធ្វើបុណ្យអ្នកដែលពុលទឹកអណ្តូងទេ ។
នៅក្នុងរយៈពេល២ថ្ងៃទី២៨និង២៩នេះសមត្ថកិច្ចចម្រុះបានចុះសហការជាមួយអាជ្ញាធមួលដ្ឋានបិទទីតាំងលក់ស្រាសនិងស្រាថ្នាំរួមនឹងកន្លែងផលិតស្រាសចំនួន៣កន្លែង និងបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នាំយកមកធ្វើការសាកសួនៅស្នងការនគបាលខេត្តមាន ១.ឈ្មោះឈិនឈីម ភេទប្រុសអាយុ៣២ឆ្នាំរស់នៅក្នុងភូមិតាកាបឃុំខ្លុងពពកស្រុកទឹកផុស ២.ឈ្មោះ ពៅចាន់ធី ភេទប្រុស អាយុ ៤៥ឆ្នាំរស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ៣.ឈ្មោះ ញឹមគឹមសិទ្ធ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក្នុងនោះស្ត្រីទី៤ មិនត្រូវបានគេឲ្យស្គាល់ឈ្មោះនៅឡើយនោះទេ។ ពេលនេះសមត្ថកិច្ចនៅតែបន្តចុះស្រាវជ្រាវបិទទីតាំងផលិតលក់ចែកចាយស្រាសស្រាថ្នាំ ដែលធ្វើឲ្យមនុស្សចំនួន ១០៥នាក់ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និង ៦នាក់ទៀតបានស្លាប់ផងដែរ៕