
ដោយៈមុនីរ័ត្ន-ទេពកង្រី/កំពង់ឆ្នាំងៈនគរបាលបានឃាត់ខ្លួនម្ចាស់ចម្ការឪឡឹកម្នាក់ដែលជាប់សង្ស័យធ្វើឲ្យទឹកពុលដោយសារមានសារធាតុគីមីពុលហើយបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និង១៣នាក់ផ្សេងទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយសារករណីនេះ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ខែវិច្ឆិកានេះ។
ជនសង្ស័យឈ្មោះ ជា វិត អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិទ័ពតាឡាត់ឃុំជៀប ស្រុកទឹកផុស (រូបថតទេពកង្រី)
ករណីទឹកពុលបណ្តាលឲ្យស្លាប់មនុស្សនេះ បានកើតឡើងនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។ជនសង្ស័យដែលជាម្ចាស់ចម្ការត្រូវបានសមត្ថកិច្ចរឃាត់ខ្លួននិង នាំយកមកស្នងការនគបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ។ជនសង្ស័យឈ្មោះ ជា វិត អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិទ័ពតាឡាត់ឃុំជៀប ស្រុកទឹកផុស ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីប៉ុលវុទ្ធីបានឲ្យដឹងថាបន្ទាប់ពីមានករណីពុលទឹកកម្លាំងនគរបាលខេត្តបានធ្វើការស្រាវជ្រាវអំពីមូលហេតុនៃគ្រោះថ្នាក់។តាមការស្រាវជ្រាវឃើញថានៅមុនពេលកើតហេតុជនសង្ស័យបានយកធុងថ្នាំនិងសម្ភារៈទៅលាងនៅអណ្ដូងទឹកដែលនៅជិតនោះចំនួនបីធុង។ការលាងនេះបន្ទាប់ពីបានបាញ់ថ្នាំឪឡឹករួច។លោកបន្តថាអណ្តូងទឹកនេះស្ថិតនៅក្នុងចម្ការរបស់ជនសង្ស័យ។ក្រោយការលាងសម្អាតរួចជនសង្ស័យបានយកសម្បកថ្នាំបាញ់សម្លាប់សត្វល្អិតបីប្រភេទដាក់ជាសញ្ញាឲ្យប្រជាពលរដ្ឋបានដឹងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាថាតាមរបាយការណ៍ ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។សរុបជន រងគ្រោះចំនួន១៣នាក់ ក្នុងនោះស្រី៨នាក់ និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ។ក្នុងនេះ ស្លាប់ចំនួនពីរនាក់ (ស្រីទាំងពីរនាក់) និង អ្នកសម្រាកនៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន ១៣នាក់ ។ ក្នុងចំណោមពួកគេ គឺបុរសម្នាក់មានសភាពធ្ងន់។
ដោយឡែកតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានរាយការណ៍ដែរថា តាមការសាកសួរ អ្នកភូមិជីប្រ៉ង ទាំងចាស់ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ។ ពេលព្រឹកថ្ងៃទី២៤វិច្ឆិកាប្រហែលម៉ោង១១ថ្ងៃពួកគេបានអស់ទឹកសម្រាប់បរិភោគក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់
។សូមបញ្ជាក់ថាពេលព្រឹកនោះគេឃើញកសិករដាំឪឡឹកក្បែរនោះបានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុន និងក្រោយបាញ់ថ្នាំឪឡឹក។ ក្រោយពីពិសារទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់ អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងរហូតដល់ស្លាប់ពីរនាក់និងអ្នកដទៃទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត។
អ្នកពុលទាំងជាង១០នាក់បានធូរស្រាលនិងត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនកាលពីថ្ងៃទី២៧វិច្ឆិកា។ប៉ុន្តែ ស្ត្រីម្នាក់អាយុ៥៣ឆ្នាំបានធូរស្បើយពីការពុលនេះហើយ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃើញ៕សរន
ជនសង្ស័យឈ្មោះ ជា វិត អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិទ័ពតាឡាត់ឃុំជៀប ស្រុកទឹកផុស (រូបថតទេពកង្រី)
ជនសង្ស័យឈ្មោះ ជា វិត អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិទ័ពតាឡាត់ឃុំជៀប ស្រុកទឹកផុស (រូបថតទេពកង្រី)