Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ករណីឈួសឆាយ ដីព្រៃលិចទឹក នៅស្រុកស្រីសន្ធរ រដ្ឋបាលខេត្ត បានកំណត់មុខសញ្ញាជនសង្ស័យ ចំនួនបីនាក់

Views: 1

ដោយៈ គង់ហេង / កំពង់ចាម៖ ករណីឈួសឆាយដីព្រៃលិចទឹក មួយកន្លែង ទំហំជាងមួយហិកតា នៅតំបន់បឹងចារ ក្នុងស្រុកស្រីសន្ធរ រដ្ឋបាលខេត្តកំពង់ចាម បានស្រាវជ្រាវស៊ើបអង្កេត និងឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ចំនួន បី នាក់ ដោយបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប៉ុន្តែករណីដដែលនេះ គឺគ្មានការឃុបឃិតពីអាជ្ញាធរក្នុងការលក់ ទិញដីនោះ ទៅឱ្យឈ្មួញ ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមនោះទេ។

លោក ស្រី សុភ័ក្រ្ត ជាអភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៧ ឧសភាថាៈជុំវិញករណីរំលោភដីបឹងរបស់រដ្ឋ នៅស្រុកស្រីសន្ធរ ក្រោយពីបានទទួលព័ត៌មានភ្លាមបានចាត់ឱ្យខាងមន្រ្តីជលផល និងអាជ្ញាធរ សហការគ្នា ចុះពិនិត្យជាក់ស្តែង ដោយបានរកឃើញមានការឈួសឆាយ រំលោភយកដីបឹង ប្រមាណជាង មួយហិកតា។ ជាមួយនោះនៅមិនទាន់អាចកំណត់មុខសញ្ញា អ្នកទទួលខុសត្រូវ ក្នុងការឈួសឆាយបានទេ។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ទៀតថាៈ ការស៊ើបអង្កេត ស្រាវជ្រាវដល់ថ្ងៃទី២៧ ឧសភា នេះ យើងបានកំណត់មុខសញ្ញាជនសង្ស័យ ដែលធ្វើសកម្មភាពឈួសឆាយ លើដីនោះបានហើយ ដោយសម្រេចណែនាំឱ្យខាងមន្រ្តីជលផលកសាងសំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធី។ ប៉ុន្តែករណីរដដែលនេះ គឺមិនដូចការចោទប្រកាន់នៅតាមបណ្តាញសង្គម របស់ប្រជាពលរដ្ឋ ដែលថា អាជ្ញាធរ បានឃុបឃិតក្នុងការទិញលក់ដី ខាងលើ ទៅឱ្យឈ្មួញនោះទេ ព្រោះនៅពេលស៊ើបអង្កេត ស្រាវជ្រាវយើងបានរកឃើញប្រវត្តិដី មានការទិញលក់ ជាបន្តបន្ទាប់ គឺអ្នកឈួសឆាយដី បច្ចុប្បន្នបានទិញពីប្រជាពលរដ្ឋគ្នាគាត់ ដែលប្រជាពលរដ្ឋ បានអាស្រ័យផលលើដីនោះក្រោយមកបានលក់បន្ត រហូតដល់អ្នកឈួសឆាយនេះ។

ទាក់ទិននឹងករណីនេះ លោក អ៊ុន ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៧ ឧសភាថាៈ កាលពីថ្ងៃទី ២៦ ឧសភា ម្សិលមិញ បានចុះមកសាកសួរ ពីការឈួសឆាយដី នៅតំបន់បឹងចារ ស្ថិតក្នុងភូមិក្សេរ ឃុំព្រែករំដេងស្រុកស្រីសន្ធរ ដោយបានកោះហៅមកអាជ្ញាធរពាក់ព័ន្ធ បានដឹងពីប្រវត្តិដី ដែលមានទំហំជាងមួយហិកតា ដែលរងការឈួសឆាយនោះ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តថាៈ តាមការបំភ្លឺរបស់អាជ្ញាធរភូមិឃុំជាបន្តបន្ទាប់ បានរកឃើញឈ្មោះ ជាអ្នកឈួសឆាយ ប្រាប់បានទិញដីនោះពី ពីរ នាក់ប្តីប្រពន្ធ ហើយបុរសម្នាក់នោះ បានជួលគ្រឿងចក្រ យកមកជីកបកស្រទាប់ដី ខាងលើនិងប្រមូលព្រៃ យកទៅដាក់ក្នុងស្រែ ដើម្បីទុកធ្វើជី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានា នូវវីដេអូ មានរយៈពេល ៩នាទី ៣១វិនាទី របស់បុរសម្នាក់ ឈ្មោះ ឌុច ភាស់អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដែលបានធ្វើការចោទប្រកាន់ មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិតឈូសឆាយ ដីបឹងចារ នៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ អាជ្ញាធរជំនាញ និងអាជ្ញាធរ ជួបជាមួយសាម៉ីខ្លួនផ្ទាល់ ហើយសាម៉ីខ្លួន បានបកស្រាយថា ខ្លួនមានការយល់ច្រឡំ ទើបមានការប្រើប្រាស់ពាក្យសីដីជ្រុល ហួសហេតុ ធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធនានា ឈានដល់ធ្វើការចោទប្រកាន់ខុសការពិត ជាមួយគ្នានេះ សាម៉ីខ្លួន បានធ្វើការសុំទោសជាសាធារណៈ តាមរយៈបណ្តាញសង្គមផងដែរ។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនសាធារណជនទាំងអស់ ជ្រាបថា បច្ចុប្បន្ននេះ ក្រុមការងារខេត្ត ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ បាននឹងកំពុងដំណើរការ ចុះបញ្ជីដោយប្រុងប្រយ័ត្ននៅក្នុងតំបន់នេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លី ដែលមានភាពមិនប្រក្រតី។ ចំពោះការឈូសឆាយដី ទំហំប្រហែលមួយហិកតាជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យបានស្អាត ដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះ ជូនពួកគាត់។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះចំណត់ដីផ្ទៃបឹងចារដែលស្ថិតនៅភូមិក្សេរ ភូមិ ព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ស្ថិតនៅឃុំព្រែករំដេងស្រុកស្រីសន្ធរ ដើម្បីប្ដូរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋរួចរាល់៕ V / N

Post navigation