ដោយ: ជា សីហៈ/ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្មចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសាធារណការ និង ដឹកជញ្ជូនបានអះអាងថា លោក ហូ ហ្គាង ( Hu Gang) ប្រធានក្រុមហ៊ុន BeiDou និងលោក កៃ វេនកាង (Cai Wenkang )ប្រធានក្រុមហ៊ុន CSSC ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នេះដែរ។
ភាគីទាំងពីរគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធីឧស្សាហកម្មចំនួនពីរគឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូងនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្ន ភាពទិន្នន័យបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់ស្តែងនៃផែនទីបង្ហាញផ្លូវក្នុងស្រុក ដើម្បីធានាប្រតិបត្តិការអាជីវកម្ម។
ភាគីទាំងពីរបានព្រមព្រៀងបង្កើតក្រុមការងាររួមគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើងនូវផែនការការងាររៀបចំយន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប ដែលមានឈ្មោះថា៖ BeiDou-3 Navigation ត្រូវបានបញ្ចប់ជាផ្លូវការ និងបើកឱ្យដំណើរការទូទាំងពិភពលោក។ ប្រព័ន្ធនេះមានមុខងារសំខាន់ពីរគឺ៖ មុខងារកំណត់ទីតាំងមានភាពជាក់លាក់ខ្ពស់ និងការបញ្ជូនទិន្នន័យ។ ភាពត្រឹមត្រូវនៃការកំណត់ទីតាំងអាចធ្វើទៅបានកាន់តែល្អប្រសើរក្នុងរយៈចម្ងាយ១០ម៉ែត្រ ហើយអាចអនុវត្តបានកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕