Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន ដល់វិស័យឯកជន ដើម្បីពង្រីកទំនាក់ទំនង

Views: 9

ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្ម កម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន មកពីខេត្តក្វាងទុង ប្រទេសចិន បានរៀបចំសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន ដោយបានអញ្ញើញពាណិជ្ជករជនជាតិចិន និងពាណិជ្ជករកម្ពុជា បានជួបប្រាស្រ័យទាក់ទងគ្នា។

សន្និសីទនេះ បា្ររព្ធធ្វើឡើងក្រោមវត្តមានរបស់លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមាន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមប្រមាណជាង ១០០ នាក់ ជាពាណិជ្ជករជនជាតិចិន និង ពាណិជ្ជករកម្ពុជា ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា ។

តាមលោក ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថាៈ នេះជាឱកាសសម្រាប់ ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្ម ពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញាខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវ រយៈពេលខ្លី ដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្ម នឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣ នាពេលខាងមុខ។

លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានឲ្យដឹង ថាៈ ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុច ប្រសព្វ រវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរក ដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន រាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗ របស់ ប្រទេសចិនចំនួនជិត ៥ ០០០ បានចូលរួមផងដែរ។ ក្រៅពីការតាំងបង្ហាញនូវ ផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មាន​រៀបចំវេទិកាធុរកិច្ច ជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផល តាមអនឡាញ ពេញមួយឆ្នាំ។

លោកអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាៈ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មី មួយទៀត លើសពីមិត្តភាពដែកថែប ទៅជាមិត្តភាព ក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

លោកបានបន្តថាៈ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ២០១០ កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាល នៃប្រទេស ទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រ សតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង លើស ១២ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ នេះ។

នៅក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានស្នើសុំគណៈកម្មការរៀបចំ ពិព័រណ៍ទំនិញនាំចេញ-នាំចូលចិន បន្តការជួបជុំគ្នា ដើម្បីប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍ខាងលើ ឱ្យបានច្រើនថែមទៀត ក្នុងគោលបំណងផ្លាស់ប្តូរ បេសកកម្មពាណិជ្ជកម្ម ទៅវិញទៅមក និងជួយជំរុញទំហំ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត៕ V / N

Post navigation