Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទីផ្សារឥណ្ឌូណេស៊ី តំបន់ និងពិភពលោក

Views: 1

ដោយៈ សុផល / ភ្នំពេញ៖ លោក កាទើ មហាំម៉ាត់​ ណោសស្រ៊ី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជន ចំនួន ៥ ចូលរួមពិព័រណ៍ TRAVEX 2023 ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ​ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយសក្តានុពល វិស័យទេសចរណ៍កម្ពុជា និងជំរុញការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ជាមួយប្រទេសឥណ្ឌូណេស៊ី ប្រទេសក្នុងតំបន់ និងពិភពលោក។

ពិព័រណ៍ទេសចរណ៍ TRAVEX 2023 មានស្តង់សរុបប្រមាណ ១០០ ស្តង់ អ្នកទិញ សរុប ៣៤២ នាក់ និងអ្នកសារព័ត៌មាន ចំនួន ៦០ នាក់ ក្នុងនោះក៏មានការចូលរួមពី សារព័ត៌មានអន្តរជាតិ CNN និង TTG ផងដែរ។

នៅឯពន្លាក្រសួងទេសចរណ៍កម្ពុជា មានរចនារូបភាពគោលដៅទេសចរណ៍ ទាំង ៤ តំបន់ យ៉ាងប្រណិត រួមជាមួយ ក្បាច់គុនល្បុក្កតោ និងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ។

ជាមួយគ្នានោះ​ដែរ​ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុល សីលា ទីប្រឹក្សា និងជាអគ្គនាយករង អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ លោក វ៉េត យុវនាថ អគ្គនាយករង អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានអញ្ជើញចូលរួមកម្មវិធី Cambodia Media Briefing ដែលជាផ្នែកមួយនៃ ពិព័រណ៍ TRAVEX និងបានធ្វើបទបង្ហាញ ជូនអ្នកសារព័ត៌មានឥណ្ឌូណេស៊ី និងអន្តរជាតិ អំពីបច្ចុប្បន្នភាព គោលនយោបាយទេសចរណ៍ គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា។ ក្នុងនោះ អ្នកសារព័ត៌មាន ចាប់អារម្មណ៍ អំពីគោលដៅទេសចរណ៍កម្ពុជា ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍ អំពី Halal Food នៅកម្ពុជា និងការទាក់ទាញទេសចរមូស្លីម​ មកកាន់គោលដៅទេសចរណ៍កម្ពុជា​ផងដែរ​។

ដោយឡែក នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពន្លាក្រសួងទេសចរណ៍កម្ពុជា លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី បានទទួលបដិសណ្ឋារកិច្ចលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍​និងសេដ្ឋកិច្ចច្នៃប្រឌិត នៃប្រទេស ឥណ្ឌូណេស៊ី និងលោកស្រី Christina Garcia Frasco រដ្ឋមន្រ្តីទេសចរណ៍ នៃប្រទេសហ្វីលីពីន ក្នុងដំណើរទស្សនកិច្ច ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX 2023 ព្រមទាំងបានថតរូប និងជូនកាដូអនុស្សាវរីយ៍ ផងដែរ។

ចំពោះសកម្មភាពនៅក្នុងពន្លាក្រសួងទេសចរណ៍ មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ក្រមាខ្មែរ ដំណាប់ផ្លែឈើខ្មែរ របស់ក្រុមហ៊ុន Misota ឯកសារផ្សព្វផ្សាយ និង Pin Kingdom of Wonder, Feel the Warmth ការស្កេន QR Code វីដេអូ រូបភាព និងឯកសារផ្សព្វផ្សាយ គោលដៅទេសចរណ៍ តាមទូរស័ព្ទដៃ ការចាក់វីដេអូ នៅលើទូរទស្សន៍ និងការជម្រាបជូន អ្នកសារព័ត៌មាន អ្នកទិញ និងអ្នកលក់ មកពីបណ្តា ប្រទេសនានា អំពីបច្ចុប្បន្នភាព នៃវិស័យទេសចរណ៍ “កម្ពុជា ជាគោលដៅ សុវត្ថិភាព ស្អាត និងបៃតង” ព្រមទាំងបានចាក់ផ្សាយវីដេអូ “ឆ្នាំទស្សនាកម្ពុជា ២០២៣” “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប” និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ វីដេអូ Taste Cambodia វីដេអូ NEXT Cambodia វីដេអូផ្សព្វផ្សាយរបស់ ហ្វាមហៅស៍ រីស្សត និងស្ប៉ា សណ្ឋាគារ និងវីដេអូផ្សព្វផ្សាយរបស់ រមណីយដ្ឋាន សុខា ផងដែរ។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ TRAVEX 2023 កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ឥណ្ឌូណេស៊ី និងអន្តរជាតិ កាន់តែច្រើនឡើង នៅក្នុងឆ្នាំ២០២៣ និងនៅឆ្នាំបន្តបន្ទាប់ ទៀត៕/V/R

Post navigation