Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងវប្បធម៌ និងអង្គការយូណេស្កូ ពិគ្រោះយោបល់ ស្វែងរកធាតុចូល ដើម្បីដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុង ដែលមានភាពច្នៃប្រឌិតរ បស់អង្គការយូណេស្កូ”

Views: 6

ដោយៈ សុផល / ភ្នំពេញ៖ នាថ្ងៃទី២៣ និង ២៤ ខែឧសភា ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ប្រចាំកម្ពុជា រៀបចំសិក្ខាសាលា ស្តីពី ការរៀបចំឯកសារ ដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់ អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)” ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារ ប្រេស៊ីដង់ ខេត្តបាត់ដំបង។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្ដរជាតិ​នៃក្រសួងទេសចរណ៍ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោកបណ្ឌិត ម៉ាសាណូរី ណាហ្គាអូកា (Masanori Nagaoka) តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា និងមានការចូលរួមពី រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង តំណាងរដ្ឋបាលខេត្តសៀមរាប តំណាងរដ្ឋបាលខេត្តកំពត តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងវិស័យឯកជន សង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធនានា​​​ ក្នុងខេត្តបាត់ដំបង។

ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរក ធាតុចូលបន្ថែម ក្នុងការបំពេញសំណុំឯកសារចុងក្រោយ ក្នុងដាក់បញ្ចូលទីក្រុងបាត់ ដំបង ជាសមាជិក “បណ្ដាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់ អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពល ផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាព បន្ទាប់ពីក្រុងបាត់ដំបង។

តាមការគ្រោងទុក កម្ពុជា គ្រោងនឹងបញ្ជូនឯកសារ សម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបង ជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទ ក្នុងការបញ្ជូនឯកសារ សម្រាប់ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា បណ្ដាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់ អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាមួយឬក្នុងចំណោម ទីក្រុងដែលបានកំណត់យកការច្នៃប្រឌិត ជាកត្តា​យុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព លើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕ V / N

Post navigation