Views: 35
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការកំណត់ប្រាក់ ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។ ក្នុងប្រភពខាងលើនេះបានបញ្ជាក់ដែរថាយោងតាមការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយនិងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សម្រេចក្នុងនេះ ប្រការ១ ត្រូវបានបន្ថែមទឹកប្រាក់ ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ដែលបានកំណត់ដោយ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផល ធ្វើដំណើរនិងកាបូប ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤។ ហេតុនេះ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ត្រូវបានកំណត់ជាផ្លូវការ នូវទឹកប្រាក់ចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។
ក្រៅពីនេះ ប្រការ២ បានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត សាកល្បងចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។ ចប់រយៈពេលសាក ល្បង ក្លាយជាកម្មករ និយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួល អប្បបរមាចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។
ជាមួយគ្នានេះ ចំពោះកម្មករ និយោជិត ដែលទទួលបានប្រាក់ឈ្នួល គិតតាមបរិមាណ ផលិតផល (ដេរស៊ីបុង) ត្រូវទទួលបាន ប្រាក់ឈ្នួលតាមទិន្នផលជាក់ស្ដែង ដែលធ្វើបាន។ បើទិន្នផលការងារទទួលបាននោះ លើសពីចំនួនប្រាក់ឈ្នួល ដែលមានចែងក្នុងចំណុចទី១ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។ ប្រសិន បើទាបជាងប្រាក់ឈ្នួល ដែលមានចែងក្នុងចំណុចទី១ ខាងលើ នោះនិយោជក ត្រូវបន្ថែមឱ្យគ្រប់ ចំនួន ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតសាកល្បង និងចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតពេញសិទ្ធិ។
សម្រាប់ប្រការផ្សេងៗទៀត ក្នុងនេះ មានដូចជា ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករ និយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ៕/V/r

