Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងការងារ ណែនាំពីដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារ ជនបរទេស

Views: 3

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីណែនាំមួយ នៃការដាក់ពាក្យស្នើសុំធ្វើ បណ្ណការងារ និងសៀវភៅការងារជនបរទេស ។

បើយោងតាមសេចក្តីណែនាំ ខាងលើនេះ បានបញ្ជាក់ថា៖ ដោយសង្កេតឃើញថា ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស កន្លងមក នៅមានការបកស្រាយ ផ្សេងៗគ្នា រវាងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស និងមន្ត្រីអធិការកិច្ច ហត្ថពលកម្មបរទេស ទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេស ដែលទើបបានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យ កម្លាំងពលកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (www.fwcms.mlvt.gov.kh) ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១-នៅពេលចុះអធិការកិច្ចហត្ថពលកម្មបរទេស ហើយត្រួតពិនិត្យឃើញមាន សហគ្រាស គ្រឹះស្ថាន ឬ ជនបរទេស បានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ហើយទទួលបានការអនុម័តកំរិតទី១ (កំរិតការិយាល័យជំនាញ) រួចហើយ ចាត់ទុកថា សហគ្រាស គ្រឹះស្ថាន ឬជនបរទេស បានអនុវត្តត្រឹមត្រូវតាមច្បាប់ ស្តីពីការងារ និងមិនទទួលរងការពិន័យភ្លាម លើករណីលិខិតអនុញ្ញាត ឲ្យប្រើប្រាស់ហត្ថពលកម្ម បរទេស និងករណីបណ្ណការងារ និងសៀវភៅ ការងារជនបរទេស។

២-ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស ត្រូវតែបង្ហាញលទ្ធផល នៃការដាក់ពាក្យស្នើសុំ ក្នុងប្រព័ន្ធ : www.fwcms.mlvt.gov.kh ដូចជា បង្កាន់ដៃបង់ប្រាក់ ឬបណ្ណការងារ និងសៀវភៅការងារជនបរទេស ក្នុងរយៈពេល ២០(ម្ភៃ) ថ្ងៃ ដល់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បន្ទាប់ពីថ្ងៃដែលពិនិត្យឃើញ។
៣-ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស មិនបានបង្ហាញ លទ្ធផលតាមការកំណត់ ដូចក្នុងចំណុចទី២ ខាងលើ មន្ត្រីអធិការកិច្ចហត្ថពលកម្ម បរទេស ត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីអធិការកិច្ច ហត្ថពលកម្មបរទេស និងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស នឹងអនុវត្តតាមសេចក្ដីណែនាំ ប្រកបដោយប្រសិទ្ធភាព៕ V / N

Post navigation