Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងការងារអំពាវនាវដល់យុវជន ដែលចង់បានការងាររហ័សដាក់ពាក្យនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ

Views: 9

ដោយៈបូព៌ព្រឹក្ស,ដេប៉ូ/ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ ហៅកាត់ថា NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់យុវជននិងអ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅទីស្នាក់ការNEA​​ដើម្បីទទួលបានឱកាសការងារសម្បូរបែប ខណៈដែលឱកាសការងារថ្មីមានជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញានេះ មានឱកាសការងារជិត ៤០០ កន្លែងកំពុងរងចាំអ្នកមានសមត្ថភាពដើម្បីសម្ភាសន៍។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ជាតិមុខរបរ និងការងារ(NEA) មានប្រសាសន៍ថា ក្រុមហ៊ុនធំៗចំនួនប្រាំមួយនឹង
ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្សនិស្សិតនិងអ្នកកំពុងស្វែងរកការងារធ្វើក្នុង វេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រីបញ្ជាក់ថា៖”ខ្ញុំអំពាវនាវយុវជននិងអ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅNEAដើម្បីស្វែងរកឱកាសការងារនេះ”។
ក្រុមហ៊ុនធំៗទាំងប្រាំមួយ ក្នុងនោះរួមមាន ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

បើតាមលោកស្រី យុវជន សិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ដើម្បីបង្កើនការផ្សព្វផ្សាយដល់កម្រិតមូលដ្ឋាន NEA បច្ចុប្បន្នបានដាក់ចេញយុទ្ធនាការផ្សព្វផ្សាយការងារដល់ ប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈរថយន្តចល័តដែលបានផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋានកៀកកិតប្រជាពលរដ្ឋដែលអាចដាក់ពាក្យភ្លាមៗតែម្តង។

អនុប្រធាននាយកដ្ឋានរូបនេះ បន្តថាតាមរយៈយន្តការមជ្ឈមណ្ឌលចល័តនេះ NEA រំពឹងថា ប្រជាពលរដ្ឋ និងយុវជនរាប់សែននាក់ នឹងទទួលបានដំណឹងអំពីឱកាសការងារនិងសេវារបស់ NEA។

ជាមន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori កញ្ញា វណ្ណា នារីរ័ត្ន បានគូសបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមកឱ្យរើសបានបុគ្គលិកល្អមានគុណភាព និងចំណេញពេលវេលា។

យោងតាមរបាយការណ៍របស់ NEA បានឲ្យដឹងថា NEA បានប្រមូល និងផ្សព្វផ្សាយឱកាសការងារចំនួន ៦០,៨១៥ ដំណឹង និង អ្នកចុះឈ្មោះស្វែងរកការងារបានចំនួន ១១,១៧២នាក់ ក្នុងរយៈពេល៦ខែឆ្នាំ ២០២៣នេះ៕សរន / N

Post navigation