Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃមហាសន្និបាតលើកទី៦ នៃក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនី នៅកម្ពុជា

Views: 8

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC) បានរៀបចំមហាសន្និបាតលើកទី៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិ អមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមរបស់លោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលទើបតែងតាំងថ្មី និងលោក Laurent SERMET នាយក AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មហសន្និបាតនេះ ក៏មានការចូលរួមផងដែររបស់ តួអង្គហ្វ្រង់កូហ្វូនទាំងអស់ នៅប្រទេសកម្ពុជា ដែលជាស្ថាប័នសមាជិក CPFC ស្ថានទូតនៃប្រទេសហ្វ្រង់កូ ហ្វូន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល មជ្ឈដ្ឋានធុរកិច្ច និងសារព័ត៌មាន។

នាក្នុងឱកាសនោះ ក្រុមប្រឹក្សា CPFC បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រសិទ្ធពរ ជ័យជូនចំពោះលោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ និងបានកត់សម្គាល់នូវសកម្មភាពដែលលោក មានបំណងអនុវត្ត នៅក្នុងអំឡុងពេល នៃអាណត្តិរបស់លោក ដែលផ្តោតសំខាន់ ទៅលើការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សមភាពយេនឌ័រ និងការពង្រឹងសន្តិភាព។ លោក DOERIG ក៏មានបំណងបង្កើនសមត្ថភាពរបស់សង្គមស៊ីវិលផងដែរ។ ក្រុមប្រឹក្សា CPFC បានកត់សម្គាល់ផងដែរនូវសុន្ទរកថារបស់លោក Laurent SERMET នាយក AUFប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅលើវឌ្ឍនភាពនៃ គ្រឹះស្ថានឧត្តមសិក្សា ជាសមាជិករបស់ទីភ្នាក់ងារ AUF នៅកម្ពុជា ការបង្កើត មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន នៅបាត់ដំបង ការផ្តល់ការគាំទ្រដល់សាកល វិទ្យាល័យ ដោយសង្កត់ធ្ងន់ លើកិច្ចខំប្រឹងប្រែង របស់ទីភ្នាក់ងារ AUF ទាក់ទងនឹង ការងាររបស់យុវជនកម្ពុជា។

ក្រុមប្រឹក្សា CPFC បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទបង្ហាញរបស់លោក រដ្ឋលេខាធិការ ឈីវ យីស៊ាង អំពីគោលនយោយហ្វ្រង់កូហ្វូនីរបស់កម្ពុជា នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលបានក្លាយជាតំបន់អាទិភាព នៃពិភពលោក នៅក្នុងវិស័យ ជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងលំហូរហិរញ្ញវត្ថុ ព្រមទាំងអំពី ជំហររបស់កម្ពុជា ចំពោះសំណុំរឿងសំខាន់ៗ បច្ចុប្បន្ននៃពិភពលោក និងសកម្មភាព របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ លោករដ្ឋលេខាធិការ បានផ្តោតសំខាន់ ទៅលើសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់ពិភពលោក។

អ្នកចូលរួមទាំងអស់ បានកត់សម្គាល់យ៉ាងពេញចិត្ត នូវភាពសម្បូរបែប និងភាពចម្រុះ នៃសកម្មភាពនានា ដែលតួអង្គហ្វ្រង់កូហ្វូន នៅកម្ពុជា បានអនុវត្ត ចាប់តាំងពីមហាសន្និបាត ចុងក្រោយ ក្នុងខែសីហា ឆ្នាំ២០២២។ ស្ថានទូតបារាំង ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពី សកម្មភាពរបស់ខ្លួន នៅក្នុងវិស័យអប់រំ។ ស្ថានទូតថៃ បានបង្ហាញពីសកម្មភាព ហ្វ្រង់កូហ្វូន ដែលបានអនុវត្ត នៅប្រទេសថៃ។ តំណាងមកពីរដ្ឋសភាជាតិ និង ព្រឹទ្ធសភា បានធ្វើបទបង្ហាញ អំពីកិច្ចសហប្រតិបត្តិ ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។ សង្គមស៊ីវិល បានបង្ហាញពីកម្មវិធីរបស់ខ្លួន តាមរយៈសំឡេងរបស់សមាគម។ សាលារាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាប្រឈម របស់ខ្លួនពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។

ជាចុងបញ្ចប់ មជ្ឈមណ្ឌល NPMEC បានបង្ហាញពីសកម្មភាពរបស់ខ្លួន ដើម្បី បម្រើដល់បេសកកម្មរក្សាសន្តិភាព និងការដោះមីន និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ដោយប្រទេសបារាំង។

លើសពីនេះទៀត ក្រុមប្រឹក្សា CPFC បានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅកោះ Djerba ដែលក្នុងនោះ មានការអនុម័ត អត្ថបទសំខាន់ៗ ចំនួន ៥ ជាពិសេស សេចក្តីថ្លែងការណ៍ Djerba​ ការបោះឆ្នោត ជ្រើសរើស លោកស្រី Louise Mushikiwabo ជាអគ្គលេខាធិការ សម្រាប់ អាណត្តិទី២ និងការជ្រើសរើសប្រទេសបារាំង ធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ច ប្រជុំកំពូល លើកទី១៩ នៅឆ្នាំ២០២៤។ បញ្ហាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ដែលជាកត្តាជំរុញការអភិវឌ្ឍ និងសាមគ្គីភាព និងបញ្ហាទាក់ទងនឹងតួនាទីរបស់ស្ត្រី និងយុវជន និងការបាត់បង់ទំនុកចិត្តរបស់ ប្រជាពលរដ្ឋ ក៏ត្រូវបានលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ទាក់ទងនឹងការរៀបចំផែនការការងារ សម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំ RESIFAP លើកទី៧ កាលពីខែកញ្ញា ឆ្នាំ២០២២ បានឯកភាពរៀបចំវេទិកាយុវជនហ្វ្រង់ កូហ្វូន នៅអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤ ក្រោមប្រធានបទ “ឌីជីថល ការងារ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ភាសាបារាំង ជាកត្តាជំរុញសម្រាប់យុវជន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។ ដូច្នេះ ឆ្នាំ២០២៣ ជាឆ្នាំនៃការរៀបចំហើយ វេទិកាយុវជននេះ នឹងក្លាយជាសកម្មភាពដ៏សំខាន់មួយនៃផែនការការងារពេញមួយ ឆ្នាំ២០២៣។ សកម្មភាពជាច្រើន ត្រូវបានគ្រោងទុក ដើម្បីរៀបចំសម្រាប់ ព្រឹត្តិការណ៍នេះ ដូចជា សកម្មភាពលើកកម្ពស់ការយល់ដឹង បង្កើតបណ្តាញ និងកិច្ចសហការ។

ក្រុមប្រឹក្សា CPFC បានពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណើរបស់ ប្រធានក្រុមប្រឹក្សា ទាក់ទងនឹងការធ្វើវិសោធនកម្ម ជាយថាហេតុនូវលក្ខន្តិកៈ CPFC ជាពិសេសទាក់ទងនឹងប្រការស្តីពី អាណត្តិរបស់ប្រធាន។ ក្រុមប្រឹក្សា បានសម្រេចថា នឹងពិភាក្សាស៊ីជម្រៅអំពីករណីនេះ នៅក្នុងកិច្ចប្រជុំ នាពេលខាង មុខ។ ក្រុមប្រឹក្សា CPFC ក៏បានសាទរផងដែរចំពោះការបន្ថែមសមាជិកថ្មីចំនួន៤ ដូចជា ក្រុមហ៊ុន Auskhmer សមាគមយុវជន សាលាខេត្តព្រះសីហនុ និងក្រុមហ៊ុន Business Center Cambodia។

តាមរយៈក្រុមប្រឹក្សា CPFC បង្ហាញឲ្យឃើញថា ហ្វ្រង់កូហ្វូនី នៅកម្ពុជា មានភាពរស់រវើក និងផ្តោតសំខាន់ ទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឆ្នាំ២០២៣ គឺជាឆ្នាំនៃការបង្កើតទំនាក់ទំនងថ្មីៗ និងការធ្វើសកម្មភាពរួម នៅក្នុងតំបន់របស់ យើង ក្រោមឆ័ត្ររបស់អង្គការ OIF។

នៅពេលចប់មហាសន្និបាត លើកទី៦ ពិធីជប់លៀងត្រូវបានរៀបចំឡើង នៅភោជ នីយដ្ឋាន Villa 5 Contemporary Cuisine ដើម្បីអបអរសាទរទិវា អន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣ ជុំវិញប្រធានបទ “321 millions de francophones, des milliards de contenus culturels”៕/V/R

Post navigation