Views: 10
ដោយៈ ពៅនិមល / ភ្នំពេញ៖ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ ដែលចង់ចូលរួមលើការកសាងអគារ មន្ទីរពិសោធន៍ជាតិមួយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ការលើកឡើងខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបការងារ ជាមួយក្រុមការងារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីស្តីការក្រសួង។
នាឱកាសនោះ លោកដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធី វិនិយោគ និងគម្រោងអភិវឌ្ឍន៍ ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករ ឱ្យមានភាពប្រសើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវ គោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខាងមុខ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិ គឺជាផ្នែកចាំបាច់មួយ ក្នុងការត្រួតពិនិត្យ ផលិតផលកសិកម្ម និងមានសារសំខាន់ និងជាជំហាន ដែលត្រូវចាប់ ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរ លទ្ធភាព ដើម្បីសម្រេចការងារនេះ។
ចំពោះគម្រោង One Health លោក ឌិត ទីណា បានណែនាំឱ្យមានការពិនិត្យ និង យកចិត្តទុកដាក់លើច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានា ឱ្យបាន ច្បាស់លាស់ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ដើម្បីប្រើ ប្រាស់ថវិកាឱ្យចំទិសដៅ មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ពិតប្រាកដ។
ក្នុងកិច្ចពិភាក្សានេះដែរ លោករដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួម និងសហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ៕ V / N



