Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងមហាផ្ទៃ ៖ គិតមកដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ បានជាង ១២ លាននាក់

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមផលិតផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឌីជីថល ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមាន អាយុចាប់ពី ១៥ ឆ្នាំឡើង។ គិតមកដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានផលិតផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ បានចំនួន ១២.៣០៩.១៣១ នាក់ ក្នុងនោះ អ្នកដែលមានអាយុពី ១៨ ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧ នាក់។ យោងតាមទិន្នន័យ ដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលបានផ្តល់ ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវអស់សុពលភាពប្រើប្រាស់ មានចំនួន ១.៧២៧.០៩៤ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្រសួងមហាផ្ទៃ បានបន្តថាៈ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃ បានរៀបចំ ផែនការយុទ្ធនាការ ជំរុញការផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែល កាន់អត្តសញ្ញាណប័ណ្ណ អស់សុពលភាពទុតិយតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មក ដោយបានស្រង់យកទិន្នន័យ អ្នកដែលមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់ នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធីប្រតិទិន ក្នុងការអញ្ជើញប្រជាពលរដ្ឋ តាមភូមិ ឃុំ សង្កាត់ មកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរអគ្គនាយកដ្ឋាន ដើម្បីតាមដានជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតា នេះជាប្រចាំថ្ងៃ គិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗទៀត។ ទន្ទឹមនោះ បានរៀបចំ ក្រុមចល័ត ដើម្បីចុះផ្ទាល់ តាមខ្នងផ្ទះ តាមក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារផងដែរ។

លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃ២ ខែមករា ឆ្នាំ២០២៣ នេះ បានចំនួន ៦១៦.៧២១ នាក់ ហេតុនេះ ចំនួននៅសល់ដែលត្រូវបន្ដផ្ដល់ មានចំនួន ១.១១០.៣៧៣ នាក់ ទៀត។

បញ្ហាប្រឈមចម្បងបំផុត ក្នុងកិច្ចដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺមានប្រជាពលរដ្ឋ មួយចំនួន ធ្វើចំណាកស្រុក ដែលមិនបានអញ្ជើញមកបំពេញបែបបទ។ មួយផ្នែកទៀត ប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ យកទៅ ប្រើប្រាស់ខុសគោលដៅ ជាហេតុធ្វើឱ្យគ្មានសំណៅដើម សម្រាប់ផ្ទៀងផ្ទាត់ ក្នុងការបំពេញ បែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតាជូនបាន។

ក្រសួងមហាផ្ទៃ នឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតា តាមគ្រប់ មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន តម្លៃប្រើប្រាស់ ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញ សិទ្ធិនយោបាយរបស់ខ្លួន។ ក្នុងករណីដែលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតា មិនឆ្លើយតបបានតាមសំណូមពរ ក្រសួងមហាផ្ទៃ នឹងសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីបំពេញ បែបបទក្នុងការផ្ដល់លិខិតបញ្ជាក់ អត្តសញ្ញាណ (ឯ.អ) ជូនអ្នកដែលអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែររបស់ខ្លួន អស់សុពលភាព ឬក្រសួងមហាផ្ទៃ នឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យារសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដើម្បីប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព អាចយកទៅប្រើប្រាស់ សម្រាប់តែគោលដៅ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដ៏ទទូច សូមឱ្យប្រជាពលរដ្ឋ ដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព សូមមេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថា អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវា រដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បានទេ។ ក្រសួងមហាផ្ទៃ ក៏សូមជម្រាបជូនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក ហើយមកបំពេញ ការងារ ជាកម្មករ កម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញ មកបំពេញបែបបទ សុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬនៅផ្សារអុីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅដ្ឋាន អចិន្ត្រៃយ៍របស់ខ្លួននោះទេ។

ក្នុងករណីសាធារណជន មានចម្ងល់ ឬសំណូមពរផ្សេងៗ ទាក់ទងការងារផ្តល់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាទាក់ទងមកកាន់ទូរស័ព្ទលេខ ១២៧១/០១៧ ៨៩៨ ៩១៥/ ០១២ ៣១៦ ៥១២/០៧៧ ៣៤៤ ៤៦៥៕/V/r

Post navigation