Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងបរិស្ថាននិងស្ថានទូតឥណ្ឌារៀបចំពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

Views: 3

ដោយៈ សម្បត្តិ/ភ្នំពេញៈ ក្រសួងបរិស្ថាននិងស្ថានទូតឥណ្ឌា បានរៀបចំពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកស្រី ឌីវីយ៉ានី ខូប្រាហ្គេត ( Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។

លោកស្រី ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកស្រី សង្ឃឹមថា ចំណងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។

ក្នុងឱកាសនោះ លោក សៅ សុភាព ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានសម្តែងនូវការ អបអរសាទរ និងសូមវាយតម្លៃខ្ពស់ចំពោះ ចំពោះគ្រប់ផ្នែកទាំងអស់ ដែលបានរៀបចំពិធីនេះឡើង ដើម្បីរំលឹកខួបលើកទី៧០ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ពិធីដាំកូនឈើដែលកំពុងប្រារព្ធឡើងនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេស ទាំងពីរ និង បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ដើមរំដួល ជាឈើ មួយប្រភេទ តំណាង ប្រទេសកម្ពុជា ដើម្បីប្រែក្លាយទីនេះ ឱ្យរឹតតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជួយបង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត និងជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ការចូលរួម ដ៏ច្រើនកុះករ និងក្លៀវក្លាក្នុងការដាំដើមឈើ គឺជាការបន្តនូវវប្បធម៌ប្រពៃណីដ៏ល្អ ដែលមានតាំងពីយូរលុងណាស់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ដែលត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានគាំទ្រ អបអរសាទរ និងចាត់ទុកជាកាតព្វកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ សាធារណជន នឹងយកចិត្តទុកដាក់ និងជំរុញការដាំឈើគ្រប់ប្រភេទឱ្យច្រើនជាអតិបរិមានៅតាមទីវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះឱ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត។សកម្មភាពនៅថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និងការចូលរួមថែរក្សាការពារធនធានធម្មជាតិតាមរយៈការដាំកូនឈើក្នុងជាពិសេស ពិធីដាំកូនឈើនាពេលនេះក៏ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្តសម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ៕/R

Post navigation