Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការ និងទូតជប៉ុន ពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នា

Views: 1

ដោយៈសុផល/ភ្នំពេញ៖  លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៥ខែកញ្ញាបានអញ្ជើញទទួលជួបពិភាក្សា ការងារជាមួយលោក តានីណាអ៊ី អ៊ីជីតូម៉ូ  (TANINAI Ichitomo ) អនុប្រធានបេសកកម្មការទូត នៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។

ជំនួបនេះបានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជុំវិញគម្រោងការងារសំខាន់ៗដែលក្រសួងបាន និងកំពុងអនុវត្តកន្លងមករហូតដល់ពេលបច្ចុប្បន្នដូចជា៖ការកសាង ផ្លូវជនបទ និងការសាងសង់ផ្លូវជាតិលេខ៥ និងការតភ្ជាប់អាស៊ាន ការអភិវឌ្ឍ កាបូមស្តារគន្លងនាវា និងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុការអនុវត្តគម្រោងជំនួយ បច្ចេកទេសធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី១ និងទី២ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខាងត្បូង រាជធានីភ្នំពេញដែលគ្រោង បញ្ចប់ក្នុងឆ្នាំ២០២៣ និងគម្រោងជំនួយបច្ចេកទេសថ្មីៗដូចជាគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជាជំហានទី៣ការសិក្សាផែនទីនាវា ចរណ៍សមុទ្រ ដែលគ្រោងនឹងអនុវត្ត ចុងឆ្នាំ២០២៣នេះ។

ឆ្លើយតបទៅនឹងសំណូមពររបស់គណៈប្រតិភូស្ថានទូតជប៉ុននាឱកាសនោះលោកស្រីរដ្ឋលេខាធិការប្រចាំការបានជម្រាបជូនអំពីគម្រោង ផែនការ សកម្មភាពការងារ ១០០ថ្ងៃ របស់ក្រសួង ក៏ដូចជាលោករដ្ឋមន្ត្រីផ្ទាល់រួមមានការត្រៀមសម្ពោធបើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងច្រកទ្វារព្រំដែនបាវិត ការចុះសួរសុខទុក្ខមន្រ្តីរាជការរាជធានី-ខេត្ត។

បន្ថែមពីលើនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសន្យាលើកយកទៅពិភាក្សាផ្ទៃក្នុងជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាក់ទងនឹងសំណើ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ជប៉ុនយ៉ាស៊ិគិ ស្តីពីការជួសជុលឡើងវិញ កំណាត់ផ្លូវប្រវែង១០០ម៉ែត្រក្នុងតំបន់ទ្រនាប់ (Buffer Zone) នៃច្រកទ្វារអន្តរជាតិចាំយាម(កម្ពុជា)-ហាត់លឹក(ថៃ) សំដៅជួយសម្រួលការដឹកជញ្ជូនទំនិញនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងទៅកាន់កំពង់ផែ ប្រទេសថៃ។

សូមជម្រាបជូនថាប្រទេសជប៉ុនតែងតែសហការនិងផ្ដល់ជូនកម្ពុជានូវជំនួយទាំងសម្ភារនិងបច្ចេកទេសផ្សេងៗលើផ្នែកជាច្រើនក្នុងវិស័យសាធារណការ  និងដឹកជញ្ជូន រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍លើដងផ្លូវជាតិសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (ព្រែកក្តាម-បន្ទាយមានជ័យ) ជាដើម៕ P / N

Post navigation