Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការជំរុញការប្រើប្រាស់សេវាធានារ៉ាប់រងលើយានយន្តដឹកជញ្ជូន

Views: 4

ដោយ៖សុផល/ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៣១ខែមីនាឆ្នាំ២០២៣បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការធានា​រ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរនិងទំនិញ ដើម្បីបញ្ជ្រាបការយល់ដឹង និងជំរុញការប្រើប្រាស់សេវាធានារ៉ាប់រងចំពោះយានយន្តដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។

ក្នុងឱកាសនេះលោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក​ជញ្ជូនមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង​ផ្សព្វផ្សាយ​ពីកាតព្វកិច្ចធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនអ្នកដំណើរ និង​ទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងពិភាក្សាស្វែងយល់អំពីអត្ថប្រយោជន៍ ក៏ដូចជាដំណោះស្រាយលើបញ្ហាដែលបានជួបប្រទះរបស់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាធានារ៉ាប់រងលើរថយន្តធ្វើអាជីវកម្មដឹកជញ្ជូនកន្លងមក។ សិក្ខាសាលានេះក៏ ដើម្បីប្រមូលជាធាតុចូលសម្រាប់ក្រុមការងារអន្តរក្រសួង ឬផ្នែកពាក់ព័ន្ធពិនិត្យនិងពិភាក្សាឱ្យការអនុវត្តឱ្យបានល្អប្រសើរមានតម្លាភាព និងមានអភិបាលកិច្ចល្អ។
លោករដ្ឋលេខាធិការបន្តថាក្រសួងគាំទ្រលើការអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រងលើយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ហើយក្រសួងក៏បានជំរុញ និងផ្សព្វផ្សាយដល់ប្រតិបត្តិករដឹកជញ្ជូនតាមរយៈការចេញសារាចរណែនាំស្តីពីការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងភារកិច្ចទទួលខុសត្រូវយានយន្ត ឬធានា​រ៉ាប់រងតតិយជន និងកាតព្វកិច្ចធានារ៉ាប់រងការដឹកជញ្ជូនអ្នកដំណើរ។
លោក ពៅ ម៉ាលី បានបញ្ជាក់ថា ដើម្បីឱ្យការធានារ៉ាប់រងយានយន្តដឹកជញ្ជូន​អ្នកដំណើរ និងទំនិញ អនុវត្តបានកាន់តែមានប្រសិទ្ធភាព ក្រសួងសង្ឃឹមថា​កម្មវិធីសិក្ខាសាលាថ្ងៃនេះនឹងបានបញ្ជ្រាបការយល់ដឹង និងមានកិច្ចសហការ​យ៉ាងស្អិតរមួត និងសកម្មពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការប្រើប្រាស់​សេវាធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញកាន់តែមានភាព​ល្អប្រសើរ។

ប្រភពនិយ័តករធានារ៉ាប់រងកម្ពុជាបានបញ្ជាក់ថា នាពេលបច្ចុប្បន្នមានចំនួន​ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាបានកើនដល់ ៤០ក្រុមហ៊ុន ក្នុងនោះមាន​ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតចំនួន ១៤ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូចចំនួនប្រាំពីរនិងក្រុមហ៊ុនធានារ៉ាប់រង​បន្តចំនួនមួយដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាហើយមានទ្រព្យសកម្មសរុបប្រមាណ ៩៧៦ លានដុល្លារអាមេរិក និងមូលនិធិ​ភាគហ៊ុនិកប្រមាណ ៤១៧ លានដុល្លារ៕សរន / N

Post navigation