Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសង្គមកិច្ច បើកសិក្ខាសលា ដើម្បីប្រមូលធាតុចូលបន្ថែម ក្នុងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារ

Views: 1

ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ លើគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភមាតា និងទារក។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមូលនិធិជាតិ ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ ថាៈ គោលបំណងសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាព និងជំរុញប្រសិទ្ធភាពការងារ របស់អ្នកទទួលបន្ទុកអប់រំផ្សព្វផ្សាយ ព្រមទាំងបង្កើនការយល់ដឹង អំពីការថែទាំសុខភាព និងអាហារូបត្ថម្ភមាតា និងទារក ឲ្យកាន់តែទូលំទូលាយដល់សហគមន៍។

លោកបានឲ្យដឹងថាៈ គិតចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រាក់ឧបត្ថម្ភ ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ចំនួនប្រមាណជាង ២៩ ម៉ឺននាក់ ស្មើទំហំទឹកប្រាក់ចំនួនប្រមាណ ២១ លានដុល្លារអាម៉េរិក។

លោកបានបន្តថាៈ ការផ្តល់ជូនរបស់រាជរដ្ឋាភិបាល ទៅកាន់ស្រ្តីមានផ្ទៃពោះ ដែលខ្វះខាត នេះ គឺដើម្បីរួមចំណែក ក្នុងការថែទាំសុខភាពទាំងម្តាយ និងទារកឲ្យមានសុខភាព ល្អរឹងមាំ។

នៅក្នុងពិធីបើកសិក្ខាសាលា កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យសិក្ខាកាម ដែលជាមន្រ្តីក្រោមឱវាទក្រសួង និងដៃគូអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ចូលរួមផ្តល់ជា ធាតុចូលបន្ថែម ទៅលើការគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចយកទៅអនុវត្តបាន ឲ្យកាន់តែមានភាពត្រឹមត្រូវ នៅតាមសហគមន៍ និងផ្តល់ជា បទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការអនុវត្តកន្លងមក ដើម្បីផ្សារភ្ជាប់ជាមួយទ្រឹស្តី ក្នុងការជំរុញឲ្យការងារនេះ កាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ផ្អែកតាមលទ្ធផល នៃការវាយតម្លៃ ដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញថា ការយល់ដឹង អំពីការថែទាំសុខភាពមាតា និងទារក និងអាហារូបត្ថម្ភ របស់គ្រួសារក្រីក្រ នៅមានកម្រិត ពិសេសនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត អ្នកទទួលផលមួយចំនួន មិនបានយល់ ពីគោលបំណងរបស់ប្រាក់ឧបត្ថម្ភនេះទេ ដោយពួកគេ បានប្រើប្រាស់សាច់ប្រាក់នោះ ដើម្បីទិញម្សៅទឹកដោះគោទារក។ ជាក់ស្តែង សាច់ប្រាក់នៃការឧបត្ថម្ភនេះ គឺដើម្បីចូលរួម លើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហា អាហារូបត្ថម្ភ របស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតីក្នុងរយៈពេល ១.០០០ ថ្ងៃ ដំបូងនៃជីវិត៕/V

Post navigation