Views: 1
ដោយៈមុនីរ័ត្ន/ ភ្នំពេញ៖ពាក់ព័ន្ធករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ។ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០២៣ ។

ប្រភពដដែលបន្តថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត។ ឆ្លៀតឱកាសនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លា របស់យើង៕សរន
