Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម​សាធារណៈរដ្ឋ​បញ្ចប់​ការជាប់គាំង ខណៈ​សភា​អាម៉េរិក​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​

Views: 15

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីបំផុត​សភាតំណាងរាស្ត្រ​អាម៉េរិក​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​កាលពី​ថ្ងៃ​ពុធ ដោយ​បញ្ចប់​សប្តាហ៍​នៃ​ការឈ្លោះគ្នា​ដ៏​ជូរចត់​របស់​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ធ្វើឱ្យ​សភា​ជាប់គាំង​នៅ​គ្រា​ដែល​កំពុង​មាន​វិបត្តិ​ក្នុង​ឆាក​អន្តរជាតិ​និង​ក្នុងស្រុក​។​

​លោក ម៉ៃ ច​ន​សុន (Mike Johnson) ដែល​ជា​សម្ពន្ធមិត្ត​គេ​ស្គាល់​តិចតួច​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់​ដើម្បី​ផ្តួលរំលំ​ការបោះឆ្នោត​ឆ្នាំ ២០២០ បាន​ទទួល​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ពី​គណបក្ស​របស់​គាត់​ដើម្បី​ដឹកនាំ​សភា​ជាន់​ទាប ដែល​បាន​ជាប់គាំង​ចាប់តាំងពី​លោក ខេ​វិន ម៉ាក​កា​ធី (Kevin McCarthy) ត្រូវ​បាន​បណ្តេញចេញ​ក្នុង​រដ្ឋប្រហារ​ពី​សំណាក់​ពួក​ស្តាំនិយម​កាលពី​ថ្ងៃទី​៣ ខែតុលា​។​

​លោក​ច​ន​សុន​បាន​និយាយ​ខណៈ​លោក​កាន់​ញញួរ​ប្រធាន យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​គិតថា​ប្រជាជន​អាម៉េរិក​ទាំងអស់​នៅ​ពេល​មួយ​ធ្លាប់​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​នេះ ប៉ុន្តែ​ឥឡូវនេះ​វា​ស្ថិត​ក្នុង​គ្រោះថ្នាក់​។ ហើយ​យើង​មានការ​ប្រឈម​នៅ​ចំពោះមុខ​យើង​នា​ពេល​នេះ​ក្នុង​ការកសាង​និង​ស្ដារឡើងវិញ​នូវ​ទំនុកចិត្ត​នោះ​។​”

“​វា​ជា​ភាពស្រស់ស្អាត​របស់​អាម៉េរិក​ដែល​អនុញ្ញាត​ឱ្យ​ក្មេង​ពន្លត់​អគ្គិភ័យ​ដូច​រូបខ្ញុំ​មក​ទី​នេះ ហើយ​បម្រើ​ក្នុង​បន្ទប់​សភា​ដ៏​ពិសិដ្ឋ ដែល​បុរស​និង​ស្ត្រី​ដ៏​អស្ចារ្យ​ធ្លាប់​បាន​បម្រើការ​មុន​ពួកយើង​ទាំងអស់គ្នា​។​”

​លោក​ច​ន​សុន​នឹង​ក្លាយជា​ប្រធាន​សភា​ដែល​មាន​បទពិសោធន៍​តិច​បំផុត​នៅក្នុង​យុគសម័យ​ក្រោយ​សង្គ្រាម​ស៊ីវិល ដោយ​មិន​ធ្លាប់ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ ឬ​កាន់​តួនាទី​ជា​អ្នក​ដឹកនាំ​ជាន់ខ្ពស់​នោះទេ​។​

​គាត់​នឹង​ប្រឈម​មុខ​ស្ទើរតែ​ភ្លាមៗ​នូវ​លទ្ធភាព​នៃ​ការបិទ​រដ្ឋាភិបាល​ដែល​អាច​គំរាមកំហែង​ដល់​ការងារ​របស់​គាត់ លុះត្រាតែ​គាត់​អាច​កាត់បន្ថយ​កិច្ចព្រមព្រៀង​ថវិកា​ឆ្នាំ ២០២៤ ជាមួយ​គូប្រជែង​ចាស់វស្សា​ដូចជា មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា លោក ឆាក់ ស៊ូមឺ (Chuck Schumer) និង​ប្រធានាធិបតី ចូ បៃ​ដិន​។​

​លោក​ច​ន​សុន​ក៏​ត្រូវ​គេ​រំពឹងថា​នឹង​ដឹកនាំ​សន្និសីទ​ដែល​បាក់បែក​យ៉ាង​ខ្លាំង​របស់​គាត់​ឆ្លងកាត់​ការឈ្លោះគ្នា​បែកផ្សែង​នាពេលខាងមុខ​អំពី​ការផ្តល់​មូលនិធិ​សម្រាប់​អ៊ុ​យក្រែន និង​អ៊ីស្រាអែល​ផងដែរ​។​

​ភ្លាមៗ​បន្ទាប់​ពី​សុន្ទរកថា​របស់​គាត់ គាត់​បាន​ណែនាំ​សេចក្តីសម្រេច​ចិត្ត​មួយ​ដែល​គាំទ្រ​សម្ពន្ធ​មិត្ត​មជ្ឈិមបូព៌ា​របស់​អាម៉េរិក​ក្នុង​ជម្លោះ​របស់​ខ្លួន​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​។ វា​បាន​ទទួល​ការគាំទ្រ​ពី​តំណាងរាស្ត្រ​ទាំងអស់​លើកលែងតែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ប្រាំបួន​រូប​និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជំទាស់​។​

​លោក​ច​ន​សុន​បាន​ប្រាប់​សមាជិកសភា​ថា “​យើង​ទាំងអស់គ្នា​ដឹង​ថា​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាពចលាចល ប៉ុន្តែ​អាម៉េរិក​ដ៏​រឹងមាំ​គឺ​ល្អ​សម្រាប់​ពិភពលោក​ទាំងមូល​។ យើង​ជា​ពន្លឺ​នៃ​សេរីភាព​។​”

​លោកបៃ​ដិនបាន​អបអរសាទ​រ​ប្រធានសភា​ថ្មី ហើយ​ប្តេជ្ញា​ថា​នឹង​ធ្វើការ​ជាមួយ​គាត់ ដោយ​បន្ថែម​ថា សហរដ្ឋ​អាម៉េរិក​ឥឡូវ​នេះ​ត្រូវការ “​ផ្លាស់​ទី​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ដើម្បី​ដោះស្រាយ​តម្រូវការ​សន្តិសុខ​ជាតិ​របស់​យើង​និង​ដើម្បី​ចៀសវាង​ការបិទ​រដ្ឋាភិបាល​”៕

លោក ម៉ៃ ច​ន​សុន ស្បថ​កាន់​តំណែង​ប្រធានសភា​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ

Post navigation