Views: 7
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលនិងក្រុមជំនួយជាច្រើនបានប្រញាប់ប្រញាល់បញ្ជូនបុគ្គលិក មូលនិធិនិងឧបករណ៍ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដីនៃប្រទេសតួកគីនិងស៊ីរី។ សូមក្រឡេកមើលអ្វីដែលត្រូវបានផ្តល់ជូនរហូតមកទល់ពេលនេះ ៖
– សហភាពអឺរ៉ុបបានចល័តក្រុមរុករកនិងជួយសង្គ្រោះដើម្បីជួយតួកគី ខណៈប្រព័ន្ធផ្កាយរណប Copernicus របស់ប្លុកទាំង ២៧ប្រទេសនេះត្រូវបានធ្វើឱ្យសកម្មឡើងដើម្បីផ្តល់សេវាផែនទីសង្គ្រោះបន្ទាន់។ យ៉ាងហោចណាស់មានប្រទេសសមាជិកចំនួន ១៣ បានផ្តល់ជំនួយ។ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនក៏ត្រៀមផ្តល់ជំនួយដល់ស៊ីរីតាមរយៈកម្មវិធីជំនួយមនុស្សធម៌របស់ខ្លួនផងដែរ។
– សហរដ្ឋអាម៉េរិកកំពុងសម្របសម្រួលជំនួយជាបន្ទាន់ដល់តួកគីដែលជាសមាជិករបស់អង្គការណាតូ រួមទាំងក្រុមនានាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរុករកនិងជួយសង្គ្រោះ។ ដៃគូមនុស្សធម៌ដែលគាំទ្រដោយសហរដ្ឋអាម៉េរិកក៏កំពុងឆ្លើយតបចំពោះការបំផ្លិចបំផ្លាញនៅក្នុងប្រទេសស៊ីរីផងដែរ។ នៅរដ្ឋកាលីហ្វ័រញ៉ា អ្នកពន្លត់អគ្គិភ័យនិងវិស្វករសំណង់ជិត ១០០ នាក់នៅតំបន់ទីក្រុងឡូសអាន់ជេឡេស រួមជាមួយនឹងសត្វឆ្កែបង្វឹកពិសេសចំនួន៦ក្បាលត្រូវបានបញ្ជូនទៅប្រទេសតួកគីដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
– ក្រុមជួយសង្គ្រោះរុស្ស៊ីមកពីក្រសួងសង្គ្រោះបន្ទាន់កំពុងត្រៀមហោះហើរទៅកាន់ប្រទេសស៊ីរី កន្លែងដែលយោធារុស្ស៊ីបានដាក់ពង្រាយនៅក្នុងប្រទេសនេះរួចជាស្រេច និងបានបញ្ជូនអង្គភាពចំនួន ១០ ដែលមានមនុស្ស ៣០០ នាក់ដើម្បីជួយបោសសម្អាតកម្ទេចកម្ទីនិងស្វែងរកអ្នកនៅរស់រានមានជីវិត។ យោធារុស្ស៊ីបានបង្កើតចំណុចដើម្បីចែកចាយជំនួយមនុស្សធម៌។ រុស្ស៊ីក៏បានផ្តល់ជំនួយដល់តួកគីផងដែរ។
– ស៊ីរី ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម កំពុងអំពាវនាវឱ្យអង្គការសហប្រជាជាតិនិងរដ្ឋជាសមាជិកទាំងអស់ជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ សេវាសុខភាព ទីជម្រក និងជំនួយស្បៀងអាហារ។ តំបន់ ដែលរងផលប៉ះពាល់នៅក្នុងប្រទេសស៊ីរី ត្រូវបានបែងចែករវាងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងតំបន់ដែលកាន់កាប់ដោយក្រុមប្រឆាំងចុងក្រោយរបស់ប្រទេស។
– កងទ័ពអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបញ្ជូនក្រុមរុករកនិងជួយសង្គ្រោះ វិស្វករ បុគ្គលិកពេទ្យ និងបុគ្គលិកជំនួយផ្សេងទៀតចំនួន ១៥០ នាក់ទៅកាន់ប្រទេសតួកគី។ កងទ័ពបាននិយាយថាពួកគេនឹងផ្តល់ “ជំនួយភ្លាមៗក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត”។ ប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ពន្ធមិត្តក្នុងតំបន់ជិតស្និទ្ធ កំពុងស្ថិតក្នុងដំណើរការជួសជុលទំនាក់ទំនងឡើងវិញ បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយថា លោកក៏បានអនុម័តសំណើសុំជំនួយមនុស្សធម៌សម្រាប់ស៊ីរីផងដែរ ដែលបានទទួលយកតាមរយៈមន្ត្រីការទូតម្នាក់។ អ៊ីស្រាអែលនិងស៊ីរីមិនមានទំនាក់ទំនងការទូតទេ ហើយប្រទេសទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមជាច្រើនលើក។
ប្រទេសដែលកំពុងបញ្ជូនជំនួយដទៃទៀតរួមមានក្រិក អាល្លឺម៉ង់ កូរ៉េខាងត្បូង អង់គ្លេស លីបង់ ហ្ស៊កដានី អេហ្ស៊ីប ឥណ្ឌា ស្វីស ឆែក ជប៉ុន ម៉ិកស៊ិក អូទ្រីស អ៊ីតាលី បារាំង ប៉ូឡូញ រ៉ូម៉ានី ក្រូអាស៊ី សែប៊ី ម៉ង់តេណេក្រូ ម៉ុលដាវី នូវែលសេឡង់ និងចិន៕








ប្រទេសជុំវិញពិភពលោកកំពុងសម្រុកផ្តល់ជំនួយនិងបញ្ជូនមនុស្សមកជួយស៊ីរីនិងតួកគី