ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុមហ៊ុន​ធំៗ​ចំនួន​ប្រាំមួយ​របស់​សរ​ដ្ឋ​អាម៉េរិក បានបង្ហាញ​នូវ​ការចង់​ពង្រីក​វិសាលភាព​នៃ​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ទាំង​លើ​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងយន្ត និង​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ជំនួប​ពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។


​ ​ការបង្ហាញ​អំពី​ជំហរ​ចង់​វិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ​ចំនួន​ប្រាំមួយ​របស់​សហរដ្ឋ​អាម៉េរិក បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​ឆ្លើយតប​ទៅនឹង​គោលបំណង​ដ៏​ល្អ​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​ចំពោះ​វត្តមាន និង​ការចង់​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​ធំៗ​របស់​អាម៉េរិក​នៅ​កម្ពុជា​។​សម្តេច​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ទាំង​លើ​ទិដ្ឋភាព​គោលនយោបាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ក៏ដូចជា​ការដាក់ចេញ និង​យន្តការ​អនុវត្ត​ជាក់ស្តែង ជាពិសេស​យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើយ៉ាងណា​បានល្អ​ប្រសើរ​នូវ​សន្តិសុខ​ដែលជា​កត្តា​គន្លឹះ ក្នុងការ​បង្កលក្ខណៈ និង​លក្ខខណ្ឌ អំណោយផល​សម្រាប់​ការទាក់ទាញ​ការវិនិយោគ​មកពី​បរទេស រួមទាំង​សហរដ្ឋ​អាម៉េរិក​ផងដែរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ជាពិសេស​ដើម្បី​រួមចំណែក​រក្សា​លំនឹង​សេដ្ឋកិច្ច​បានល្អ​ប្រសើរ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ។​

ជំនួប​ពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។


​ ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ធំៗ​របស់​អាម៉េរិក ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​កម្ពុជា ក្នុងការ​ពង្រឹង​ការងារ​មួយចំនួន រួមមាន​ការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការងារ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។ សម្តេច​ក្រឡាហោម​ក៏​សូម​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ បន្ត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​ដ៏​ល្អប្រសើរ​នេះ​ជា​បន្តទៀត ដើម្បី​ផលប្រយោជន៍​រួម​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។​
​ ​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ទោះបី​ស្ថិតក្នុង​ស្ថានភាព នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ពិត​ជាមាន​ភាពចាំបាច់​ណាស់ ទាំង​កម្ពុជា អាមេរិក ទាំង​កម្ពុជា អាស៊ាន នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយគ្នា​លើ​វិស័យ​សំខាន់ៗ ដូចជា​សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជាដើម​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម