នូវែលហ្សេឡង់ ៖ ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសនូវែលហ្សេឡង់ Air New Zealand ត្រូវបានរាយការណ៍ថា កំពុងអនុវត្តការថ្លឹងទម្ងន់អ្នកដំណើរមុនពេលអនុញ្ញាតឱ្យពួកគេឡើងយន្តហោះនៃជើងហោះហើរអន្តរជាតិ ដែលនេះជាផ្នែកមួយនៃការស្ទង់មតិ ដើម្បីកំណត់ទម្ងន់អ្នកដំណើរជាមធ្យម។ នេះបើយោងតាមប្រភពចេញពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។
ក្រុមហ៊ុន Air New Zealand បានអះអាងថា ការថ្លឹងទម្ងន់ នឹងត្រូវបានកត់ត្រាដោយសម្ងាត់នៅក្នុងមូលដ្ឋានទិន្នន័យ ប៉ុន្តែមិនអាចមើលឃើញដោយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ឬអ្នកដំណើរផ្សេងទៀតឡើយ។ ក្រុមហ៊ុនបានឱ្យដឹងថា ការដឹងពីទម្ងន់អ្នកដំណើរជាមធ្យមនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រេងនាពេលអនាគត។ ក្រុមហ៊ុនបន្ថែមថា ការចូលរួមក្នុងការស្ទង់មតិ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត ខណៈដែលពីមុន ក្រុមហ៊ុនធ្លាប់បានថ្លឹងទម្ងន់អ្នកដំណើរក្នុងស្រុករួចមកហើយ នៅក្នុងឆ្នាំ ២០២១។
ក្រុមហ៊ុន Air New Zealand បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥឡូវនេះ ការធ្វើដំណើរអន្តរជាតិបានដំណើរការឡើងវិញ ហើយវាក៏ដល់ពេលដែលអ្នកដំណើរជើងហោះហើរអន្តរជាតិទទួលការថ្លឹងទម្ងន់»។
មុនពេលជំងឺរាតត្បាតកូវីដ-១៩ ក្រុមហ៊ុន Air New Zealand បានហោះហើរដឹកអ្នកដំណើរជាង ១៧លាននាក់ជារៀងរាល់ឆ្នាំ ជាមួយនឹងជើងហោះហើរចំនួន ៣,៤០០ជើងក្នុងមួយសប្តាហ៍។
អ្នកជំនាញបានពន្យល់ថា ការឈានជើងលើជញ្ជីងថ្លឹងអាចជារឿងដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែយើងចង់ធានាឡើងវិញនូវអតិថិជនរបស់យើងថា មិនមានការបង្ហាញណាមួយដែលអាចមើលឃើញគ្រប់ទីកន្លែងនោះទេ។ ហើយតាមរយៈការថ្លឹង អ្នកនឹងជួយយើងឱ្យហោះហើរប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពរាល់ពេលវេលា។
ក្រុមហ៊ុន Air New Zealand នឹងស្នើសុំអតិថិជនជាង ១ម៉ឺននាក់ ដែលធ្វើដំណើរលើជើងហោះហើរអន្តរជាតិរបស់ខ្លួន ដើម្បីចូលរួមក្នុងការស្ទង់មតិដ៏សំខាន់នេះ។ អ្នកដំណើរនឹងត្រូវថ្លឹងនៅច្រកទ្វារនៃជើងហោះហើរមួយចំនួន ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងអូកឡិន (Auckland) ចន្លោះថ្ងៃទី២៩ ឧសភា រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមហ៊ុនបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលស្ថិតលើយន្តហោះរបស់ខ្លួន រាប់ចាប់ពីទំនិញ និងអាហារនៅលើយន្តហោះ រហូតដល់អីវ៉ាន់ក្នុងកន្លែងស្តុក ត្រូវឆ្លងកាត់ការថ្លឹងទាំងអស់ ហើយសម្រាប់អតិថិជន និងកាបូបក្រុមបុគ្គលិកលើយន្តហោះ ប្រើទម្ងន់ជាមធ្យមដោយផ្អែកលើទិន្នន័យស្ទង់មតិ៕