ចែករម្លែក

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ តាម​គម្រោង​ក្រុមហ៊ុន​ដឹក​សំរាម​លក្ខណៈ​អន្តរជាតិ​ចំនួន ០៣​នឹង​ចេញ​ប្រតិបត្តិ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​ខាងមុខ​នេះហើយ​ក្រោយពី​ក្រុមហ៊ុន​ទាំងបី​នេះ បានសម្រេច​ជ្រើសរើស​ជាប់​សព្វគ្រប់​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​២៤ តុលា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​ការទទួល​ពាក្យស្នើសុំ ដើម្បី​បន្ត​នីតិវិធី​នៃ​ការជ្រើសរើស​លក្ខណៈសម្បត្តិ យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ប្រតិបត្តិការ លើ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។ ក្រុម​ហ៊ុន​ទាំង​៣​ដែល​បាន​​ជាប់​​​​នៅក្នុង​ការជ្រើសរើស​នេះ​នឹង​ចេញ​ប្រតិបត្តិការ​លើ​ការប្រមូល​សំរាម​នៅក្នុង​រាជ​ធានី​ភ្នំពេញ នា​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១​ខាងមុខនេះ ដោយ​បែង​ចែកជា​៣​តំបន់ ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម ។​

​ពាក់ព័ន្ធ​នឹង​ការប្រមូល​សំរាម​នេះដែរ លោក​ម៉េ​ត មាស​ភក្តី ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា មកដល់ពេលនេះ ការដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន មាន​ស្ថាន​ភាពរលូន​ដូចដើម​វិញ​ហើយ បន្ទាប់ពី​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់​និង​វិធានការ​ប្រើ​ប្រាស់​​​កំលាំង​និង​មធ្យោបាយ​សរុប​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រហូត​ធ្វើអោយ​កម្មករ​ក្រុមហ៊ុន​ស៊ិន ទ្រី​ចូលធ្វើការ​វិញ​បាន​ជាង​១​សប្តាហ៍​នេះ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រំលឹកថា កន្លងមកនេះ​ដោយមាន​ការ​
​ចង្អុល​​បង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងមហាផ្ទៃ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង ស្ថាប័ន​ពាក់​ព​ន្ធ័​ផង​នោះ កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី បាន​ព្រម​ចូលធ្វើការ​វិញ​ទាំងអស់គ្នា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​នេះ ដោយ​ទទួលយក​នូវ​អ្វីដែល​ជាការ​ព្រម​ព្រៀងគ្នា ។ បន្ទាប់ពី​ព្រមព្រៀងគ្នា​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​២០២០​កម្មករនិយោជិត​រប​ស់​ក្រុមហ៊ុន ស៊ិន​ទ្រី​ទាំងអស់នោះ បាន​យល់ព្រម​ចូលធ្វើការ​វិញ​តាម​តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន ព្រមទាំង​មានការ​ជួយ​យ៉ាងសកម្ម​ពី​ក្រុមការងារ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​មធ្យោបាយ​ផង​នោះ រហូតមកដល់​ពេលនេះ​បញ្ហា​សំរាម​មាន​សភាព​ធម្មតា​ឡើងវិញ​ហើយ ដោយ​សំរាម​ចាស់​ត្រូវបាន​ប្រមូល​និង​ដឹកជញ្ជូន​យកទៅ​ទីលាន​ចាក់សំរាម​អស់ហើយ នៅសល់តែ​សំរាម​ដែល​ប្រជាពលរដ្ឋ ផលិត​រាល់ថ្ងៃ​ប៉ុណ្ណោះ ដែល​កម្មករ​ក្រុមហ៊ុន ស៊ិន ទ្រី កំពុង​ប្រមូល​រាល់ថ្ងៃនេះ​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម