Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Virgin Galactic កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានបញ្ជូនអតិថិជនដែលបង់ប្រាក់ចំនួនបីនាក់លើដំណើររយៈពេលមួយម៉ោងទៅកាន់លំហរួចត្រឡប់មកវិញ ដោយបង្កើតបានការហោះហើរជោគជ័យលើកទីបួនក្នុងរយៈពេលបួនខែមកនេះ។
អវកាសយានិកឯកជននៅលើយានបេសកកម្ម Galactic 03 គឺជាមនុស្សដំបូងគេដែលបានទិញសំបុត្ររបស់ពួកគេពីក្រុមហ៊ុន ដែលបង្កើតឡើងដោយមហាសេដ្ឋីអង់គ្លេស រីឆាត ប្រ៊ែនសុន (Richard Branson) ក្នុងឆ្នាំ ២០០៤។
សហគ្រិនអចលនទ្រព្យអាម៉េរិក លោក កេន បាស្ទើ (Ken Baxter) ជនអភិរក្សនិយមអាហ្វ្រិកខាងត្បូង លោក ធីម៉ូធី ណាស់ (Timothy Nash) និង វិស្វករអង់គ្លេសនិងជាសហគ្រិន លោក អេឌ្រាន រីណាដ (Adrian Reynard) បានឡើងជិះលើយានអវកាស VSS Unity ដែលដំណើរការដោយថាមពលរ៉ុក្កែត រួមជាមួយនឹងគ្រូបង្វឹកអវកាសយានិករបស់ក្រុមហ៊ុន Virgin Galactic លោក បេត ម៉ូសេស (Beth Moses)។
នាយកប្រតិបត្តិលោក ម៉ៃឃើល ខូលក្លេស័រ (Michael Colglazier) បាននិយាយថា “ពិតជាថ្ងៃដ៏រំភើបមែនទែនសម្រាប់អវកាសយានិកឯកជនថ្មីទាំងបីរបស់យើង និងក្រុមការងារទាំងមូលនៅ Virgin Galactic”។
យាននេះមានការចូលរួមពីយន្តហោះតួភ្លោះខ្នាតយក្សមួយជាមួយនឹងអ្នកបើកបរពីរនាក់ ដែលហោះចេញពីផ្លូវរត់នៅឯកំពង់ផែអវកាសក្នុងរដ្ឋញូវម៉ិកស៊ីកូ។
យានមេ ហៅថា VSS Eve បានហោះឡើងមេឃកាន់តែខ្ពស់ រួចហើយទម្លាក់កូនយានអវកាសដែលភ្ជាប់នៅខាងក្រោមវា ដែលក្រោមយមករុញវាទៅកាន់ទីអវកាសក្នុងល្បឿនលឿនជាងសំឡេងកម្រិត Mach-3។
អ្នកដំណើរជួបបទពិសោធន៍គ្មានទម្ងន់ប៉ុន្មាននាទី ដែលអំឡុងពេលនោះពួកគេមានសេរីភាពក្នុងការបណ្តែតខ្លួននិងសម្លឹងមើលផែនដីតាមបង្អួចកោង។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Virgin Galactic មានគម្រោងបន្តការហោះហើរពាណិជ្ជកម្មប្រចាំខែ។ ក្រុមហ៊ុនបានលក់សំបុត្រប្រហែល ៨០០សន្លឹក ពោល ៦០០ សន្លឹកនៅចន្លោះឆ្នាំ ២០០៥ និង ២០១៤ ក្នុងតម្លៃ ២០០.០០០ ទៅ ២៥០.០០០ ដុល្លារ និង ២០០ សន្លឹកចាប់តាំងពីពេលនោះមកក្នុងតម្លៃ ៤៥០.០០០ ដុល្លារក្នុងម្នាក់ៗ៕

យន្តហោះ Unity របស់ក្រុមហ៊ុន Virgin Galactic កំពុងបញ្ជូនយានដឹកអ្នកដំណើរទៅទីអវកាស