Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនធំៗជាច្រើនមកពីអាម៉េរិកបង្ហាញឆន្ទៈក្នុងការវិនិយោគនិងនាំចេញកសិផលពីកម្ពុជា

Views: 9

ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាការងារមួយ ជាមួយក្រុមហ៊ុនមួយចំនួនមកពីសហរដ្ឋអាម៉េរិក ក្រោមកិច្ចសម្របសម្រួលរបស់លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងឡុងដ៍ប៊ិច (Long Beach) សហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង។

នៅក្រោយជំនួបនេះ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈកិច្ចប្រជុំពិភាក្សានេះ ក្រុមហ៊ុនអាម៉េរិកធំៗជាច្រើន បានសម្តែងឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។

តាមតំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាម៉េរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។ កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។

លោកបានបន្តថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង ឡូវែល ( Lowell) នៃរដ្ឋ ម៉ាសាឈូសេត (Massachusetts), រដ្ឋ កាលីហ្វ័ញ៉ា ( California) , រដ្ឋ សេអាថល ( Seattle) និងរដ្ឋ តិចសាស Texas ហើយជាពិសេសគឺរដ្ឋដែលមានទ សហគមន៍កម្ពុជា និងមានប្រជាជនខ្មែររស់នៅច្រើន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានបង្ហាញឆន្ទះខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។ លោកបានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។
សូមរម្លឹកថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕ N

រូបថត ( ពិធីកិច្ចប្រជុំពិភាក្សាការងារ រវាងលោករដ្ឋមន្រ្តីពាណិជ្ជកម្ម និងក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិក​ )

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

Post navigation