Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនតិចណូ ផាក ប៉ោយប៉ែត របស់ជប៉ុន ជួបរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិភាក្សាឱកាសការងារជូនដល់ ប្រជាពលរដ្ឋក្នុងខេត្ត

Views: 30

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ តំណាងក្រុមហ៊ុនតិចណូ ផាក ប៉ោយប៉ែត (Techno Park Poipet) របស់ជប៉ុន ដែលវិនិយោគទុន នៅតំបន់សេដ្ឋកិច្ច សានកូ ក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី២៧ ខែសភា ឆ្នាំ២០២៣ បានមកជួបថ្នាក់ ដឹកនាំ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សាឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្ត នៅសាលប្រជុំ ខ សាលាខេត្ត ។

លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យលោក ណាអូតា ស៊ូហ្គីតា (NAOTA SUGITA ) អគ្គនាយក (MD) នៃក្រុមហ៊ុនតិចណូ ផាក ប៉ោយប៉ែត ជាបុត្តសម្ព័ន្ធ លោក អូហ្សាគី (OZAKI) តំណាងក្រុមហ៊ុនតូយ៉ូតា ត្សូស្សូ ខបផូរ៉េសិន ហ្គ្រូប (Toyota Tsusho Corporation Group ) ជាក្រុមហ៊ុនមេ និងសហការីជនជាតិខ្មែរ ចូលជួបសម្តែងការគួរសម​និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ (រើសនិយោជិត)។ ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួម ដោយអភិបាលរងខេត្ត, ប្រធានមន្ទីរការងារ អភិបាល/រងស្រុកក្រុងទាំង៩ ក្នុងខេត្តផងដែរ ។

លោក ណាអូតា ស៊ូហ្គីតា អគ្គនាយកក្រុមហ៊ុនតិចណូ ផាក ប៉ោយប៉ែត បានឱ្យដឹងថាៈ ក្រុមហ៊ុននេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ នាសង្កាត់ផ្សារកណ្តាល បានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងទី៨ ខែធ្នូ ឆ្នាំ២០១៧ ។ ផលិតកម្មក្រុមហ៊ុន គឺរុំបង្គំខ្សែភ្លើងរថយន្ត ហើយនាំចេញទៅប្រទេសថៃ ។ ក្រុមហ៊ុន ត្រូវប្រើនិយោជិត កម្មករ ចំនួន ៨០០ នាក់ ក្នុងដំណើរការខាងមុខ ។ ហេតុនេះ ក្រុមហ៊ុន ស្នើសុំការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងជួយសហការផ្តល់ទំនុកចិត្ត ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្ត និងស្រុក ក្រុងទាំង ៩ និងឃុំ សង្កាត់ទាំង ៦៧ នៅទូទាំងខេត្តនេះ ។

លោក ណាអូតា ស៊ូហ្គីតា បានបន្តថាៈ ក្រុមហ៊ុន មានដំណើរការ លើ​៧ កិច្ចការ​សកម្ម ភាព មានៈ​ ១-ផ្តល់ការសាងសង់រោងចក្រធំៗ និងជួល , ២-សេវាផ្តល់មតិយោបល់ និងសេវាកម្ម , ៣-សេវាគណនេយ្យ, ៤-ជ្រើសរើសកម្មករ និយោជិត, ៥- សេវាម្ហូបអាហារ , ៦-សេវាជម្រះបញ្ជីគយ , ជម្រះបញ្ជីពន្ធដារ និង៧-សេវាជួលផ្នែកៗ នៃរោងចក្រ ជាដើម។

លោកបានបន្តថាៈ ក្រុមហ៊ុនTechno Park ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធ របស់ ក្រុមហ៊ុនតូយ៉ូតា ត្សូស្សូ ខបផូរ៉េសិន ហ្គ្រូប (Toyota Tsusho Corporation Group) មានសាខានៅប្រទេសឥណ្ឌា ៣ កន្លែង នៅឥណ្ឌូណេស៊ី ១ នៅថៃ១ និងនៅប៉ោយប៉ែត (កម្ពុជា) ១ ។

នៅតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែតនេះ មាន ៥ ក្រុមហ៊ុនជប៉ុន ក្នុងនោះ ក្រុមហ៊ុនតិចណូ ផាក មានសេវាចុះបញ្ជីក្រុមហ៊ុន , រុំខ្សែភ្លើងបង្គុំរថយន្ត, សេវាចុះជ្រើស រើស និយោជិត កម្មករតាមភូមិ ឃុំ សង្កាត់ និងគ្រឺះស្ថានបណ្តុះបណ្តាល។ ដូចកន្លងមក បានចុះតាមគោលដៅខាងលើ និងនៅសាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយ វិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្ត ។

លោក ណាអូតា ស៊ូហ្គីតា បានបន្តទៀតថាៈ ខាងមុខនេះ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ៨០០ នាក់ សម្រាប់បម្រើការងារនៅក្រុងប៉ោយប៉ែត ហើយបំណងរបស់ក្រុមហ៊ុន ចង់ជ្រើសរើសនិយោជិត កម្មករ ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្វាគមន៍ ថ្លែងអំណរគុណ និងលើកទឹកចិត្ត ចំពោះក្រុមហ៊ុនតិចណូ ផាករបស់ជប៉ុន ដែលវិនិយោគ នៅក្រុងប៉ោយប៉ែតនេះ ហើយរដ្ឋបាលខេត្ត នឹងបង្កលក្ខណ:ងាយស្រួលបន្តទៀត ដល់ក្រុមហ៊ុន សម្រាប់ដំណើរការអាជីវកម្ម ក៏ដូចជា ការចុះជ្រើសរើសនិយោជិត កម្មករនេះ នៅតាមមូលដ្ឋានក្នុង ៦៧ ឃុំ សង្កាត់នៃ ៩ ស្រុក ក្រុង។

លោក អ៊ុំ រាត្រី បានណែនាំដល់អភិបាលរងខេត្ត ទទួលបន្ទុកវិន័យ ប្រធានមន្ទីរការងារ អភិបាល អភិបាលរងស្រុក ក្រុង ដើម្បីត្រៀមទទួលទំនាក់ទំនង សហការ និងបង្កលក្ខណៈងាយស្រួល ជូនក្រុមហ៊ុន។ ប៉ុន្តែ ក្រុមហ៊ុន ត្រូវធ្វើលិខិតមកសាលាខេត្ត ទើបសាលាខេត្ត យោងលិខិតនេះ ហើយចេញលិខិតណែនាំ ទៅមន្ទីរ និងរដ្ឋបាលក្រុង ស្រុក ដើម្បីមុខការចាប់ពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខតទៅ៕/V/R

Post navigation