Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

Views: 20

ដោយៈបាយ័ន​ / សៀមរាបៈ ក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាកម្ពុជា ដឹកនាំដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃ មូលនិធិគន្ធបុប្ផាកម្ពុជា បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំបុគ្គលិក ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្ដសៀមរាប។ កម្មវិធីនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។

គោលបំណងរបស់ក្រុមប្រឹក្សា គឺដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់ កម្លាំងកាយចិត្ដ ក្នុងការជួយសង្គ្រោះជីវិតកុមារ ដោយបនសិការខ្ពស់ ។

លោក រស់ សីលវ៉ា បានលើកឡើងថាៈ បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា មានថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យចំនួនជាង ១.៣០០​នាក់ ជាមន្ទីរពេទ្យដែលមានភាពល្បីល្បាញ ក្នុងការព្យាបាលកុមារ នៅកម្ពុជាទាំងអស់ ដោយមិនយកថវិកា និងមានគុណភាពខ្ពស់ ផងដែរ ហើយដោយសារការលះបង់យ៉ាងធំធេង នូវកម្លាំងកាយ ចិត្ត បញ្ញា និង ស្មារតី យ៉ាងមុះមុត ដោយមិនដែលត្អូញត្អែរ និងមិនថាយប់ មិនថាថ្ងៃ ក្រោមកិច្ចសហការ សាមគ្គីគ្នា យ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ បុគ្គលិក និង ក្រុមគ្រូពេទ្យទាំងអស់ បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រាប់លាននាក់ ។

លោក រស់ សីលវ៉ា បាននិយាយបន្តថាៈ​ កិច្ចដំណើរការជានិរន្តន៍របស់មន្ទីរពេទ្យ ដែលអាចដំណើរការបានធម្មតា គឺដោយសារមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តរឹតចំណង សាមគ្គីភាព ជាមួយមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងបានបង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីបំផុសចលនាចូលរួមទាំងអស់គ្នា ពីពលរដ្ឋគ្រប់ស្រទាប់ ក្នុងស្មារតី “ខ្មែរជួយខ្មែរ ដើម្បីកុមារនៅកម្ពុជា ។

លោកសូមកោតសរសើរ​និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ដូចជាមន្ទីរពេទ្យកុមារ គន្ធបុប្ផា នៅភ្នំពេញទាំងអស់។

លោកក៏បានរំលឹកនូវការចងចាំ ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់លោក Beat Richner ដែលបានលះបង់កម្លាំងកាយចិត្ត ពេញមួយជីវិត ដើម្បីមន្ទីរពេទ្យនេះ។ លោកបានបន្ថែមថាៈ បើទោះបីលោក Beat Richner លោកបានទទួលមរណភាព ហើយក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ នៅតែចងចាំជានិច្ច។

មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថាៈ គិតជាមធ្យម នៃការផ្តល់សេវាប្រចាំថ្ងៃ តាមផ្នែកនីមួយៗ រួមមាន ការពិនិត្យពិគ្រោះជំងឺកុមារ ចំនួនចន្លោះពី ១ពាន់នាក់ ទៅ ១.២០០ នាក់ , អ្នកជំងឺចូលសម្រាកពេទ្យ ចំនួនពី ២០០ នាក់ ទៅ ២៥០ នាក់ , អ្នកបានជាសះស្បើយចេញចំនួន ពី ២០០ នាក់ ទៅ ២២០នាក់ , ពិនិត្យស្ត្រីមានផ្ទៃពោះ ពី ៣៥០ ទៅ៥០០ នាក់ , ទទួលស្ត្រីសម្រាលកូនចំនួនពី ៥០ នាក់ ទៅ ៧០ នាក់ , វះកាត់កុមារបានពី ៣០ នាក់ ទៅ ៤០ នាក់ ក្នុងនោះវះកាត់បេះដូង ពី ២ នាក់ ទៅ ៣ នាក់ ។

មន្ទីរពេទ្យ បានឱ្យដឹងទៀតថាៈ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ នេះ បានទទួល ការពិនិត្យពិគ្រោះជំងឺខាងក្រៅ (OPD) សរុបចំនួន ១៤៦.៣៨៤ នាក់ រួមមាន ពិនិត្យពិគ្រោះជំងឺផ្នែកកុមារ ចំនួន ១០៤.២៨៩ នាក់ , ពិនិត្យស្រ្តីមានផ្ទៃពោះចំនួន ៤២.០៩៥ នាក់ , អ្នកជំងឺដាក់សម្រាកព្យាបាលចំនួន ៣៧.៥១៧ នាក់ , កុមារចំនួន ២៦.៨២៤ នាក់ , ស្ត្រីមានផ្ទៃពោះចំនួន ១០.៦៩៣ នាក់ និង វះកាត់សរុបចំនួន ៥.១៤៧ នាក់ ក្នុងនោះ វះកាត់ជំងឺបេះដូងចំនួន ២១៦ ករណី និងស្រ្តីសម្រាលកូនចំនួន ៨.៣១៩ នាក់ ក្នុងនោះសម្រាលដោយការវះកាត់ មានចំនួន ១.៦៥១ នាក់ , អ្នកជំងឺបានជាសះស្បើយ ចេញទៅផ្ទះសរុបមានចំនួន ៣២.៨០២ នាក់ ក្នុងនោះមាន ស្ត្រីបានទទួលសេវាសម្រាលកូន និងមានស្ត្រីមានផ្ទៃពោះ បានចេញទៅផ្ទះ ចំនួន ៩.៧៨៣ នាក់៕/V/R

Post navigation