Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមការងារនារីក្រសួងបរិស្ថាន ដាំកូនកោងកាង ២.០០០ ដើម នៅក្នុងស្រុកព្រៃនប់ ដើម្បីបង្កើនធនធានជីវៈចម្រុះសមុទ្រកម្ពុជា

Views: 1

ដោយ៖ ដេប៉ូ / ព្រះសីហនុ៖ ក្រុមការងារនារីក្រសួងបរិស្ថាន បាននាំយកដើមកូន កោងកាង ចំនួន ២.០០០ ដើម ទៅដាំនៅក្នុងតំបន់សហគមន៍ ភូមិសាស្រ្តឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បបង្កើនធនធានជីវៈចម្រុះសមុទ្រកម្ពុជា និងជួយ រួមចំណែករក្សាតុល្យភាពបរិយាកាស។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នេះថាៈ ការដាំកូនកោងកាងនេះ រៀបចំឡើងដោយ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាខេត្តព្រះសីហនុ អង្គភាពពាក់ព័ន្ធនានា រួមជាមួយសហគមន៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពិតជាមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់ សហគមន៍មូលដ្ឋាន និងជួយការពារបរិស្ថាន នៃភពផែនដី។

លោកស្រី បានបញ្ជាក់ដែរថាៈ យុទ្ធនាការនេះ រៀបចំឡើង ស្របនឹងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នា​ រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។

ជាមួយការដាំដើមកោងកាងនេះ នារីក្រសួងបរិស្ថាន បានចូលរួមបង្កើតនូវអនុស្សាវរីយ៍ នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីទុកកូនចៅជំនាន់ក្រោយ ព្រមទាំងលើកស្ទួយ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជួយដល់ភពផែនដី។

គួរបញ្ជាក់ថា ព្រៃកោងកាង ដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ព្រៃកោងកាង ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជ នៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្តល់ជាប្រភពអាហារ និងការរៀបចំអេកូទេសចរណ៍ធម្មជាតិ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះ ធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹក សមុទ្រ និងការរក្សាទុកកាបូន ដែលបានរួមចំណែក ក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ៕ V / N

Post navigation