Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសបីនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារកាលពីចុងសប្តាហ៍នៅឯការប្រមូលផ្តុំម៉ូតូធំនៅរដ្ឋញូវម៉ិកស៊ីកូ (New Mexico) គឺជាសមាជិកនៃក្រុមបងធំម៉ូតូធំដែលជាគូប្រជែងនឹងគ្នា ហើយអំពើហិង្សាបានកើតចេញពីជម្លោះពីមុនរវាងពួកគេនៅក្នុងទីក្រុងអាល់ប៊ូឃ្វឺក (Albuquerque)។
ប៉ូលិសរដ្ឋញូវម៉ិកស៊ីកូបាននិយាយថា អ្នកជិះម៉ូតូធំបីនាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងការចោទប្រកាន់ហើយពីរនាក់ស្ថិតក្នុងចំណោមអ្នករងរបួសប្រាំនាក់នៅក្នុងការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ដែលពាក់ព័ន្ធនឹងក្រុម Bandidos និងក្រុម Waterdogs នៅក្នុងទីក្រុងរមណីយដ្ឋាន ទន្លេក្រហម (Red River)។
អ្នកដែលស្លាប់មានឈ្មោះថា អានថូនី ស៊ីលវ៉ា (Anthony Silva) អាយុ ២៦ ឆ្នាំមកពីទីក្រុងឡូសលូណាស់ (Los Lunas) និងឈ្មោះ ដាមៀន ព្រូ (Damian Breaux) អាយុ ៤៦ ឆ្នាំមកពីទីក្រុងសូកូរ៉ូ (Socorro) និងឈ្មោះ រ៉ានឌី សាន់ឆេស (Randy Sanchez) អាយុ ៤៦ ឆ្នាំមកពីទីក្រុងអាល់ប៊ូឃ្វឺក។ មេប៉ូលិសរដ្ឋញូវម៉ិកស៊ីកូ លោក ធីម ចនសុន (Tim Johnson) បាននិយាយក្នុងការកំណត់អត្តសញ្ញាណពួកគេថា មនុស្សពីរនាក់ត្រូវបានប្រកាសស្លាប់នៅកន្លែងកើតហេតុ និងមនុស្សទីបីស្លាប់នៅមន្ទីរពេទ្យ។
លោកចនសុនបាននិយាយថា ឈ្មោះចាកូប កាស្ទីលឡូ (Jacob Castillo) អាយុ ៣០ ឆ្នាំមកទីក្រុងរីយ៉ូរ៉ាន់ឆូ (Rio Rancho) នឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយបើកចំហ នៅពេលរូបគេចាកចេញពីមន្ទីរពេទ្យ ខណៈឈ្មោះ ម៉ាត់ធូ ឆាល ជែកសុន (Matthew Charles Jackson) អាយុ ៣៩ ឆ្នាំរស់នៅទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទកាន់អាវុធដោយខុសច្បាប់នៅក្នុងហាងស្រា។
ប៉ូលិសរដ្ឋបាននិយាយថា ឈ្មោះ គ្រីស្តូហ្វើ ហ្គាសៀ (Christopher Garcia) អាយុ ៤១ ឆ្នាំមកពីរដ្ឋតិចសាស់ក៏ត្រូវបានចាប់ខ្លួនផងដែរពីបទសង្ស័យមានកូកាអ៊ីន បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបាននិយាយថា បុរសបីនាក់ផ្សេងទៀត ដែលជាក្រុមបងធំម៉ូតូធំ បានរងរបួសក្នុងការបាញ់ប្រហារ ប៉ុន្តែឈ្មោះរបស់ពួកគេមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕

ក្រុមបងធំម៉ូតូធំមកពីក្រុម Bandidos និងក្រុម Waterdogs បាញ់គ្នាស្លាប់ ៣ នាក់និងរបួស ៥ នាក់