Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀន មួយចំនួន ក្នុងខេត្តសៀមរាប

Views: 2

ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមការងារ គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យការអនុវត្តកម្មវិធី ផ្តល់អាហារ តាមសាលារៀន មួយចំនួន ក្នុងខេត្តសៀមរាប ដោយប្រើប្រាស់កសិផល ក្នុងសហគមន៍ ដើម្បីសិក្សាបន្ថែម សម្រាប់ដាក់ក្នុងកម្មវិធីថ្នាក់ជាតិ ។

ការចុះពិនិត្យនេះ បានធ្វើឡើងនៅសាលាចំនួន២ រួមមាន សាលាបឋមសិក្សាវេស្សវ័ណ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ័យ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី។

លោក រស់ សីលវ៉ា បាននិយាយថាៈ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីការអភិវឌ្ឍ មូលធនមនុស្ស ជាពិសេសកុមារតូច ដែលជាថ្នាលដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានខិតខំធ្វើយ៉ាងណា ពង្រីកសេវាអប់រំ ឱ្យដល់គ្រប់ភូមិ ឃុំ នៅទូទាំងប្រទេស រួមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យសិស្សានុសិស្ស បានមករៀន ទៀងទាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ឱ្យបានកាន់ច្រើន។

លោក រស់ សីលវ៉ា បាននិយាយថាៈ កម្មវិធីផ្តល់អាហារ តាមសាលារៀននេះ បានអនុវត្ត តាំងពីឆ្នាំ១៩៩៩ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជំរុញកុមារ ដែលរស់នៅតំបន់គោលដៅ ជាមួយនឹងការបង្កើនអាហារូបត្ថម្ភចម្រុះ ដល់កុមារ ក្នុងការរួមចំណែក ដល់ការលើកស្ទួយ ផ្នែកសុខភាព សតិបញ្ញា ស្មារតី និងអារម្មណ៍ ពួកគេឱ្យមករៀន ដោយមិនមានភាពឃ្លាន ក្នុងម៉ោងសិក្សា, បង្កើនអត្រាចូលរៀន និងជំរុញឱ្យសិស្ស មករៀនបានទៀងទាត់ទាត់ បង្កើនអត្រាឡើងថ្នាក់ បង្កើនអត្រាបញ្ចប់ ភូមិសិក្សា នៅកម្រិតបឋមសិក្សា និងបានកាត់បន្ថយអត្រាបោះបង់ការសិក្សា, បង្កើនចំណូលជូនប្រជាពលរដ្ឋ ក្នុងសហគមន៍គោលដៅ តាមរយៈការជំរុញឱ្យផលិត ស្បៀងចម្រុះ ដើម្បីផ្គត់ផ្គង់ស្បៀងដល់កម្មវិធីនៅតាមសាលារៀន ប្រកបដោយគុណភាព និងនិរន្តរភាព។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានដំណើរការនៅសាលារៀនគោលដៅសរុបចំនួន ១.១១៣ សាលា ក្នុងខេត្តចំនួន១០ និងមានសិស្សទទួលផលសរុបប្រមាណ ៣០០. ០០០ នាក់ ដែលដំបូង ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្ម សហរដ្ឋអាមេរិក (USDA) និងដៃគូនានា។

គិតត្រឹមឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល សម្រេចទទួលយកសាលាគោលដៅ ក្រោមការគ្រប់គ្រងអនុវត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤២៧ សាលា ក្នុងខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប , កំពង់ធំ , ព្រះវិហារ , បាត់ដំបង , ស្ទឹងត្រែង , បន្ទាយមានជ័យ , កំពង់ចាម , កំពង់ឆ្នាំង , ពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដែលមានសិស្សទទួលផល ចំនួន ១១០.៦៤៥ នាក់ ហើយសម្រាប់ឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាល នឹងពង្រីកសាលារៀនគោលដៅបន្ថែម ចំនួន ១២៦ សាលាថែមទៀត ដែលនឹងនាំឱ្យសាលារៀនគោលដៅ អនុវត្តកម្មវិធីនេះ មានចំនួនសរុប ៥៥៣ សាលា៕/V/R

Post navigation