Views: 1
ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ម៉ូតូនិងរថយន្តជិត ៤.០០០ គ្រឿងដែលប៉ូលីសក្រុងហូជីមិញរឹបអូសពីបទល្មើសច្បាប់ចរាចរណ៍ឬឧក្រិដ្ឋកម្ម ត្រូវបានអាជ្ញាធរដាក់លក់ដេញថ្លៃនៅឆ្នាំនេះ។
ម៉ូតូនិងរថយន្តចំនួន ១២.៨៤៥ គ្រឿងដែលរឹបអូសបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវនេះគឺជាទ្រព្យសម្បត្តិរដ្ឋនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការរងនៃនាយកដ្ឋានប៉ូលីសក្រុងហូជីមិញក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
លោកវរសេនីយ៍ឯក ឡេ ម៉ាញ៉ហា (Le Manh Ha) បាននិយាយថា ក្នុងចំណោមនោះ យានយន្តចំនួន ៣.៩៥៥ គ្រឿងត្រូវបានដាក់លក់ដេញថ្លៃហើយនៅសល់កំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធដើម្បីដាក់លក់បន្ត។
យោងតាមបទប្បញ្ញត្តិ បន្ទាប់ពីទ្រព្យសម្បត្តិឯកជននៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលីសត្រូវបានប្រើប្រាស់ជាភស្តុតាងក្នុងសំណុំរឿងមួយរួចហើយ ប៉ូលីសត្រូវតែធ្វើការប្រកាសជាសាធារណៈចំនួនពីរដង ដោយសុំឱ្យម្ចាស់ទ្រព្យឬគ្រួសាររបស់ម្ចាស់ទ្រព្យចេញមកទាមទារយកទ្រព្យសម្បត្តិនោះវិញ។
ប្រសិនបើគ្មាននរណាម្នាក់ចេញមកទាមទារយកទ្រព្យសម្បត្តិនោះក្នុងរយៈពេលប្រាំថ្ងៃនិងមួយឆ្នាំបន្ទាប់ពីការជូនដំណឹងលើកទីពីរនោះទ្រព្យសម្បត្តិទាំងនោះគឺត្រូវរឹបអូសទាំងស្រុងដោយអាជ្ញាធរពាក់ព័ន្ធ។
ក្រោយមកប៉ូលីសនឹងលក់ដេញថ្លៃទ្រព្យទាំងនោះ។
គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ប៉ូលីសចរាចរណ៍ក្រុងហូជីមិញមានយានយន្តចំនួន ៣១.៥១១ គ្រឿង រួមទាំងរថយន្ត ម៉ូតូ និងកង់ផងដែរនៅក្រោមការកាន់កាប់របស់ពួកគេដោយសារតែការបំពានច្បាប់ចរាចរណ៍ឬករណីព្រហ្មទណ្ឌ៕

យានយន្តចំនួន ៣.៩៥៥ គ្រឿងត្រូវបានដាក់លក់ដេញថ្លៃក្នុងឆ្នាំនេះ ហើយនៅសល់កំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធដើម្បីដាក់លក់បន្ត