Cambodia

«​ក្រុង​សៀមរាប​ថ្មី​» (Grand Siemreap) នឹង​ក្លាយជា​ក្រុង​ទំនើប តែ​រចនាប័ទ្ម​បែប​បុរាណ​

ជាតិ

សេដ្ឋកិច្ច

«​ក្រុង​សៀមរាប​ថ្មី​» (Grand Siemreap) នឹង​ក្លាយជា​ក្រុង​ទំនើប តែ​រចនាប័ទ្ម​បែប​បុរាណ​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៦​តុលា​។ រូបថត​៖ ក្រសួងទេសចរណ៍​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៦​តុលា​។ រូបថត​៖ ក្រសួងទេសចរណ៍​។

គម្រោង​បង្កើត «​ក្រុង​សៀមរាប​ថ្មី​» ដែល​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០២០-២០៣៥​នោះ គឺមាន​ទីតាំងនៅ​ម្តុំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​បញ្ជាក់ថា អាចជា​ទីក្រុង​ទំនើប​ឬ​ជាទី​ក្រុង​វៃឆ្លាត ប៉ុន្តែ​រចនាប័ទ្ម​បែប​ទីក្រុង​បុរាណ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៦​តុលា លោក ថោង ខុន បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ការបង្កើត «​ក្រុង​សៀមរាប​ថ្មី​» (Grand Siemreap) នេះ គឺជា​គោលដៅ​ថ្មី​មួយ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ទាំងថ្មី​ទាំងចាស់​ចំនួន​៦ ដែល​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ដើម្បី​សម្រេច​ឱ្យបាន​នូវ​ប្រាក់ចំណូល​៥​ពាន់​លាន​ដុ​លា្ល​រ ពី​ភ្ញៀវ​ទេស​ជាតិ​ជាង​១០​លាន​នាក់​និង​អន្តរជាតិ​៧​លាន​នាក់ ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប ជាមួយនឹង​បង្កើត​កន្លែង​ការងារ​បាន​ជាង​៩០​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០៣៥​។ 

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ មានប្រសាសន៍​ដូច្នេះ​៖«​ទីក្រុង​សៀមរាប​ថ្មី មាន​ទីតាំងនៅ​ម្តុំ​ព្រលានយន្តហោះ​សៀមរាប​ថ្មី​»​។ ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី​គឺ​ដើម្បី​ទ្រទ្រង់​ដល់ទី​ក្រុង​សៀមរាប​ចាស់ នាពេល​បច្ចុប្បន្ន​។ ព្រោះ​ទីក្រុង​សៀមរាប​ចាស់ មិនអាច​ផ្ទុក​បានទេ​នូវ​ចំនួន​ភ្ញៀវទេសចរ​ដ៏​ធំ​មួយ​នេះ​។ លោក ថោង ខុន បានបញ្ជាក់​ខ្លី​យ៉ាង​ថា​៖ «​ការបង្កើត​ក្រុង​សៀមរាប​ថ្មី [Grand Siem Reap] នេះ គឺអាច​ជាទី​ក្រុង​ទំនើប​ឬ​ជាទី​ក្រុង​វៃឆ្លាត ប៉ុន្តែ​រចនាប័ទ្ម​ឡើង​បែប​ទីក្រុង​បុរាណ​»​។  

​យ៉ាងណាមិញ​លោក ថោង ខុន មិនអាច​បញ្ជាក់បាន​ថាឡើយ​ថា ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី​នោះ នឹងត្រូវ​អនុវត្ត​ឡើង​នៅពេលណា​ឱ្យ​ច្បាស់លាស់​ឡើយ ដោយ​ទាមទារ​ការសិក្សា​ឱ្យបាន​លម្អិត​។ តាម​គោលការណ៍ គម្រោង​តំបន់ ក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ស្ថិតក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេស ដោយ​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​ភាពជា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន (PPP)​។​



 លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ផ្តល់​បទ​សម្ភាស​ឱ្យ​សារព័ត៌មាន​ថ្មីៗ នៅ​សា​សា​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២០​តុលា ឆ្នាំ​២០២០​។​

 បើតាម​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប «​ទីក្រុង​សៀមរាប​ថ្មី​»​ប្រហែល​អាចជា​ទីក្រុង​វៃឆ្លាត​(Smart City) អាចមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​លូ ទឹកស្អាត អាគារ​ខ្ពស់ៗ ជាដើម​។ អភិបាលខេត្ត​សៀមរាប​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) កាលពី​ថ្ងៃទី​២០​តុលា ឆ្នាំ​២០២០ ថា​៖«​ប៉ុន្តែ​ក្រុង​សៀមរាប​របស់​យើង អាចជា​នូវ​រក្សា​រចនាបទ​បុរាណ​របស់​យើង​ដដែល​»​។  

​បើតាម​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០២០-២០៣៥ ខេត្តសៀមរាប​នឹង​បង្កើត​គោលដៅ​ទេសចរណ៍​ចំនួន​៦​ទីតាំង ដោយ​ក្នុងនោះ​មាន​២​ទីតាំង ជា​គោលដៅ​ទេសចរណ៍​មាន​ស្រាប់ គឺ តំបន់​ប្រាសាទ​អង្គរ និង​ក្រុង​សៀមរាប នាពេល​បច្ចុប្បន្ន​។ ចំពោះ​គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន​៤​ទៀត ក្រៅពី​ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី គឺមាន​តំបន់​ជាប់​បឹង​ទន្លេសាប​, ភ្នំ​គូលែន និង​ស្រុក​បន្ទាយស្រី ជាមួយនឹង​តំបន់​នៅ​ជុំវិញ​។   

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការរៀបចំ និង​បង្កើត​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប​ទាំង​៦​ទីតាំង​គឺ​ដើម្បី​ទាក់​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ស្នាក់នៅ​ខេត្តសៀមរាប​ឱ្យបាន​យូរ ដោយ​យ៉ាងតិច​៥​ថ្ងៃ សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការចំណាយ​ប្រចាំថ្ងៃ​នានា​របស់​ភ្ញៀវទេសចរ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com

Football news:

Holand continues to insist that he is a monster. Fastest in the history of the Champions League scored 15 goals (and added 16)
Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out