Views: 1
ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ប៉ូលិសនៅភាគខាងជើងប្រទេសវៀតណាមបានពិន័យស្ត្រីម្នាក់ ៨០.០០០ ដុង (៣,៤១ ដុល្លារ) និងរឹបអូសកង់របស់គាត់ទុករយៈពេល ៧ថ្ងៃបន្ទាប់ពីគាត់ត្រូវបានរកឃើញថាបានជិះកង់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ស្ត្រីអាយុ ៤៧ ឆ្នាំត្រូវបានរកឃើញថាមានកម្រិតជាតិអាល់កុល ០,០៧៣mg ក្នុងមួយលីត្រនៃដង្ហើម ខណៈគាត់កំពុងជិះកង់នៅក្នុងភូមិមួយក្នុងស្រុកយេនចាវ (Yen Chau) ខេត្តសុនឡា (Son La) កាលពីថ្ងៃពុធ។
ស្ត្រីរូបនេះត្រូវបានប៉ូលិសចរាចរណ៍ដែលបំពេញតួនាទីនៅប៉ុស្តិ៍ត្រួតពិនិត្យហៅមកផ្លុំខ្យល់ដង្ហើមមើលថាតើបានជិះកង់ក្រោមឥទ្ធិពលគ្រឿងស្រវឹងឬអត់។
គាត់បានប្រាប់ប៉ូលិសថា គ្រួសាររបស់គាត់ផលិតស្រាសម្រាប់ចិញ្ចឹមជីវិត ដូច្នេះហើយលោកស្រីតែងតែភ្លក្សផលិតផលស្រាហើយគិតថាវាមិនមានបញ្ហាទេ បើគាត់ជិះកង់។
ប៉ូលិសស្រុកយេនចាវបាននិយាយថា នេះគឺជាករណីលើកដំបូងមិនធ្លាប់មាននៅក្នុងស្រុក នៅពេលដែលអ្នកជិះកង់ម្នាក់ត្រូវបានពិន័យសម្រាប់ការជិះកង់ក្រោមឥទ្ធិពលគ្រឿងស្រវឹង។យោងតាមច្បាប់វៀតណាម ជនណាដែលបើកបរមានជាតិអាល់កុលក្នុងខ្លួនត្រូវប្រឈមមុខនឹងការផាកពិន័យឬបទឧក្រិដ្ឋ។
យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន កំហាប់ជាតិអាល់កុលលើសពី ៨០mg/១០០ml នៃឈាម ឬ ០,៤mg/l នៃដង្ហើមនឹងនាំទៅដល់ការផាកពិន័យខ្ពស់បំផុតពី ៣០-៤០ លានដុង (១.២៩៣-១.៧២៤ ដុល្លារ)។ ការបើកបរក្នុងស្ថានភាពស្រវឹងនាំឱ្យមានការកាត់ទោសព្រហ្មទណ្ឌនៅពេលដែលវាបង្កឱ្យមានគ្រោះថ្នាក់ឬផលវិបាកផ្សេងទៀត៕

ស្ត្រីវៀតណាមត្រូវប៉ូលិសចាប់ផ្លុំដង្ហើមពិនិត្យជាតិអាល់កុលកាលពីថ្ងៃពុធនៅស្រុកយេនចាវ