Views: 9
ប្រែសម្រួល : កញ្ញាដាលីស (The Nation) ៖ បន្ទាប់ពីបានប្រកាសពីចំណាប់អារម្មណ៍របស់គាត់ក្នុងការឈរឈ្មោះជាអភិបាលក្រុងកាលពីខែមិថុនា កូនប្រុសវ័យក្មេងម្នាក់ទៀតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានធ្វើឱ្យមានរលកភ្ញាក់ផ្អើលម្តងទៀត ដែលលើកនេះសម្រាប់ការចូលរួមក្នុងគណបក្សយុវជនមួយ ហើយក្នុងរយៈពេលតែប៉ុន្មានថ្ងៃបានក្លាយជាប្រធានបក្ស។
កែសាង ផានហ្គារីប (Kaesang Pangarep) អាយុ ២៨ ឆ្នាំត្រូវបានតែងតាំងជាប្រធានគណបក្សសាមគ្គីឥណ្ឌូនេស៊ី (PSI) ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ជាតិរបស់ខ្លួនកាលពីថ្ងៃចន្ទ គឺតែពីរថ្ងៃបន្ទាប់ពីបានចូលជាសមាជិកគណបក្ស។
អ្នកវិភាគនិយាយថា ចំណាត់ការនេះគឺដើម្បីរុញឥទ្ធិពលរបស់លោកវីដូដូនៅមុនការបោះឆ្នោតប្រធានាធិបតីនិងនីតិបញ្ញត្តិក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ និងការស្ទង់មតិថ្នាក់តំបន់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។
បក្ស PSI ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយអតីតអ្នកកាសែតទូរទស្សន៍ ហ្គ្រេស ណាតាលី (Grace Natalie) ដែលជាជនជាតិចិននិងជាគ្រិស្តសាសនិក គឺជាគណបក្សតូចមួយដែលមិនមានតំណាងនៅក្នុងសភាទេ។ សមាជិករបស់បក្សគឺនៅក្មេងៗនិងមានជំនាញខាងបណ្តាញសង្គម ហើយតាំងខ្លួនជាអ្នកការពារពហុនិយមរបស់ឥណ្ឌូណេស៊ីនិងសិទ្ធិរបស់ជនជាតិភាគតិច ព្រមទាំងជនបាត់បង់ឱកាស។
កែសាងគឺជាសមាជិកចុងក្រោយនៃគ្រួសារវីដូដូ ដែលបានចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីបងប្រុសរបស់គេ និង ជាអភិបាលក្រុងសូឡូ (Solo) លោក ហ្គីបរ៉ាន រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) និងប្អូនថ្លៃរបស់គេនិងជាអភិបាលក្រុងមេដាន (Medan) លោក បប់ប៊ី ណាស៊ូសិន (Bobby Nasution)។ ទោះយ៉ាងណា អ្នកទាំងពីរលើកនិយាយក្រោយនេះគឺជាសមាជិកនៃគណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូនេស៊ី (PDI-P) ដូចប្រធានាធិបតីដែរ។
កែសាង ដែលជាអ្នកនយោបាយគ្មានបទពិសោធន៍ ត្រូវគេស្គាល់ថាជាសហគ្រិននិងជាតារាល្បីនៅលើបណ្តាញសង្គម ដែលតែងបង្ហោះសារបែបកំប្លែង។
ផ្អែកលើហេតុផលទាំងនេះ ការតែងតាំងគេហាក់ដូចជារលកតូចមួយនៅក្នុងមហាសមុទ្រនយោបាយឥណ្ឌូនេស៊ីដ៏ស្មុគស្មាញ។ ប៉ុន្តែអ្នកវិភាគនិយាយថា សមរភូមិស៊ីជម្រៅដើម្បីដណ្តើមឥទ្ធិពលនយោបាយកំពុងតែកើនឡើង។
លោកវីដូដូបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុន្ទរកថាដំបូងរបស់កូនប្រុសគាត់ក្នុងនាមជាប្រធានគណបក្ស PSI ទៅកាន់សមាជិកកាលពីថ្ងៃចន្ទ។

កែសាង ដែលពាក់អាវកឌុបក្រឡេក្រឡាស្រដៀងនឹងអាវដែលពាក់ដោយឪពុករបស់ខ្លួនក្នុងអំឡុងយុទ្ធនាការប្រធានាធិបតីរបស់គាត់ដែរនោះ បានអរគុណទស្សនិកជនរបស់គាត់សម្រាប់ការគាំទ្ររបស់ពួកគេចំពោះប្រធានាធិបតីហើយបាននិយាយថា រូបគេសង្ឃឹមថាពួកគេនឹងរក្សាភាពស្មោះត្រង់។
រូបគេបានសរសើរឪពុកថាជាការបំផុសគំនិតរបស់គេសម្រាប់ការចូលរួមនយោបាយនិងបានសរសើរគាត់សម្រាប់ “ការអនុវត្តអាណត្តិរបស់ប្រជាជនដោយមិនចេះនឿយណាយ” និង “ការសម្រេចចិត្តគោលនយោបាយត្រឹមត្រូវសម្រាប់សង្គម”។
កែសាងក៏បានអំពាវនាវដល់ក្រុមអ្នកគាំទ្ររបស់លោកវីដូដូ ដែលគេស្គាល់ថា Jokowers ដែលមិនមែនជាសមាជិកនៃគណបក្សនយោបាយណាមួយ ឱ្យប្រែក្លាយបក្ស PSI ទៅជា “ផ្ទះដែលរួសរាយរាក់ទាក់ចំពោះអ្នកជាតិនិយមវ័យក្មេង” ដែលរូបគេកំណត់ថាជាអ្នកទាំងឡាយណា ដែលធុញទ្រាន់នឹងការអនុវត្តអំពើពុករលួយនិងការរើសអើង។
កែសាងបានបន្ថែមថា “ក្នុងចំណោមពួកគេក៏មាន Jokowers ពិតប្រាកដផងដែរ ដែលជឿថាការអភិវឌ្ឍន៍ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះត្រូវតែបន្ត ហើយថែមទាំងត្រូវកែលម្អទៀតផង” ដោយចង្អុលបង្ហាញពីការប្តេជ្ញាចិត្តរបស់គេក្នុងការបន្តកេរ្តិ៍ដំណែលរបស់ឪពុក។
លោក វ៉ាស៊ីស្តូ រ៉ាហាចូ ចាទី (Wasisto Raharjo Jati) អ្នកវិភាគនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវនិងនវានុវត្តន៍ជាតិឥណ្ឌូនេស៊ី (Brin) បាននិយាយថា កែសាងបានជ្រើសរើសបក្ស PSI ជាជាងបក្ស PDI-P របស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី មេហ្គាវ៉ាទី សូកាណូពូទ្រី (Megawati Sukarnoputri) ព្រោះវាផ្តល់យានជំនិះនយោបាយថ្មីមួយសម្រាប់គ្រួសាររបស់គេ។
លោកវ៉ាស៊ីស្តូបានបន្ថែមថា កែសាងបានដឹងហើយថាបក្ស PDI-P មិនបានផ្តល់តួនាទី “សំខាន់ រចនាសម្ពន្ធ ឬជាយុទ្ធសាស្ត្រ” ដល់ឪពុក បងប្រុស និងប្អូនថ្លៃរបស់គេ ដែលជាសមាជិករបស់ខ្លួននោះទេ។
ដោយសំដៅទៅលើប្រធានាធិបតីស្ថាបនិករបស់ឥណ្ឌូណេស៊ី និងផ្នត់គំនិតរបស់គាត់ រួមទាំងសង្គមនិងនយោបាយ លោកបានប្រាប់កាសែត The Straits Times ថា “កែសាងអាចបន្ត (ដើម្បីផ្សព្វផ្សាយ) គំនិត និងកេរ្តិ៍ដំណែលរបស់ចូកូវីនៅបក្ស PSI ជាជាងនៅបក្ស PDI-P ដែលត្រូវបានគ្រប់គ្រងដោយគ្រួសារស៊ូកាណូនិងលទ្ធិស៊ូកាណូ”។
លោកបានបន្ថែមថា “វាគឺជាបេសកកម្មរបស់កែសាងដើម្បីធានាថាគំនិតរបស់ចូកូវីនៅតែបន្តកើតមាន នៅពេលដែលគាត់ចុះចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ ២០២៤”។
អ៊ូចាង កូម៉ារូឌីន (Ujang Komarudin) អ្នកវិភាគនយោបាយមកពីសាកលវិទ្យាល័យ Al-Azhar របស់ឥណ្ឌូនេស៊ីបានយល់ស្រប ដោយនិយាយថា បក្ស PSI បានតំណាងវីដូដូ “តាមច្រកជំនួសមួយដើម្បីបន្តជីវិតនយោបាយរបស់គាត់ ដោយមើលទៅលើទំនាក់ទំនងក្តៅនិងត្រជាក់បច្ចុប្បន្នរបស់គាត់ជាមួយបក្ស PDI-P”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីទំនាក់ទំនងដ៏ជូរចត់រវាងលោកវីដូដូនិងលោកស្រីមេហ្គាវ៉ាទី ជុំវិញការជ្រើសរើសបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតី ជាការអះអាងដែលអ្នកទាំងពីរបានបដិសេធ។
លោកអ៊ូចាងបន្ថែមថា ផ្ទុយមកវិញ បក្ស PSI ទទួលបានការគាំទ្រផ្នែកនយោបាយពីមេដឹកនាំឥណ្ឌូណេស៊ីដ៏មានអំណាចដើម្បីប្រមូលសំឡេងគាំទ្រ និងបង្កើនឱកាសរបស់ខ្លួនក្នុងការចូលសភា ដែលហួសពីការបំពេញចន្លោះខ្វះខាតបទពិសោធន៍នយោបាយរបស់កែសាងទៅទៀត។
អ្នកវិភាគប្រាប់ ST ថា “វាជាចំណងដែលមានប្រយោជន៍ទៅវិញទៅមក។ ប្រសិនបើកែសាងមិនមែនជាកូនប្រុសរបស់ប្រធានាធិបតី គេនឹងមិនក្លាយជាប្រធានបក្ស PSI ឡើយ។ នោះជាឯកសិទ្ធិនយោបាយដែលរូបគេមាន។”
លោកអ៊ូចាងបានកត់សម្គាល់ថា ការនាំកូនប្រុសពីរនាក់របស់គាត់ទៅចូលរួមគណបក្សផ្សេងៗគ្នាក៏បង្ហាញពីភាពឆ្លាតវៃខាងនយោបាយរបស់លោកវីដូដូផងដែរ ដែលមិនដាក់ស៊ុតរបស់គាត់ទាំងអស់ទៅក្នុងកន្ត្រកតែមួយ។
លោកបាននិយាយថា “PSI នៅតែជាគណបក្សតូចមួយឥឡូវនេះ ប៉ុន្តែវាអាចក្លាយជាបក្សធំនាពេលអនាគត ហើយចូកូវីអាចផ្លាស់ទៅទីនោះ”។
ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការឈ្នះលើតារាងពិន្ទុនយោបាយរបស់គ្រួសារវីដូដូអាចជាការខាតបង់នៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូនេស៊ី។
ពួកគេកត់សម្គាល់ថា នយោបាយឥណ្ឌូណេស៊ីមានទំនោរផ្តោតលើតំណែង អំណាច និងប្រជាប្រិយភាពនៃឥស្សរជននយោបាយ ជំនួសឱ្យអ្វីដែលពួកគេអាចនាំយកមកដាក់លើតុទាក់ទងនឹងគោលនយោបាយ កម្មវិធី និងគំនិត។
សាស្ត្រាចារ្យ ហ្វើមែន នួ (Firman Noor) ជាអ្នកវិភាគនយោបាយម្នាក់ទៀតមកពី Brin បានសម្តែងការខកចិត្តរបស់គាត់ចំពោះបក្ស PSI “ដែលដូចគណបក្សផ្សេងទៀត” ខំប្រឹងទាញផលប្រយោជន៍ពីអ្នកកាន់អំណាចដើម្បីរស់រានមានជីវិតក្នុងលំហនយោបាយដ៏ចង្អៀតនិងដើម្បីឈ្នះការបោះឆ្នោត។
លោកបាននិយាយថា កែសាងខ្វះបទពិសោធនយោបាយដើម្បីដឹកនាំគណបក្ស ដោយមាន “មានត្រឹមតែមជាកូនប្រធានាធិបតីមួយមុខគត់”។
លោកសាស្ត្រាចារ្យហ្វើមែនបានប្រាប់ ST ថា “នៅទីបំផុត វាហាក់ដូចជាបក្ស PSI មិនបានលក់គំនិតឬខំប្រឹងប្រែងចូលទៅជិតប្រជាជនឬអប់រំពួកគេអំពីនយោបាយទេ ប៉ុន្តែគ្រាន់តែព្យាយាមស្វែងរកផ្លូវកាត់ប៉ុណ្ណោះ”។
“ការជ្រើសរើសឥស្សរជនដែលមានប្រជាប្រិយភាពមិនអាចជួយឱ្យមនុស្សកើតជំនាន់សហស្សវត្សរ៍ថ្មីមានភាពចាស់ទុំឬបង្កើនការអប់រំខាងនយោបាយដ៏ល្អនោះទេ។ វាគ្រាន់តែជាឱកាសនិយមប៉ុណ្ណោះ”៕




កែសាងក្លាយជាប្រធានគណបក្សសាមគ្គីឥណ្ឌូនេស៊ី (PSI) ក្រោយចូលរួមជាសមាជិកបានតែ២ថ្ងៃ