Views: 10
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖កូរ៉េខាងជើងបានជូនដំណឹងទៅជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបមួយនៅរវាងថ្ងៃ៣១ឧសភានិង១១មិថុនា នេះបើតាមមន្ត្រីកងឆ្មាំសមុទ្រជប៉ុនម្នាក់បាននិយាយនៅថ្ងៃចន្ទទី២៩ឧសភា។
ពួកអ្នកវិភាគនិយាយថា ផ្កាយរណបយោធានេះជាផ្នែកនៃកិច្ចខិតខំរបស់កូរ៉េខាងជើងដើម្បីជំរុញបច្ចេកវិទ្យាស៊ើបការណ៍របស់ខ្លួន រួមមានដ្រូន ក្នុងបំណងធ្វើអោយប្រសើរឡើងលទ្ធភាពវាយប្រហារលើគោលដៅក្នុងព្រឹត្តិការណ៍ផ្ទុះជម្លោះណាមួយ។
កូរ៉េខាងជើងក៏បានធ្វើការសាកល្បងសព្វាវុធជាបន្តបន្ទាប់នៅប៉ុន្មានខែមកនេះ រួមមានកាំជ្រួចផ្លោងឆ្លងទ្វីបប្រើឥន្ធនៈរឹងថ្មីមួយ។
មន្ត្រីកងឆ្មាំសមុទ្រជប៉ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិងទូរទស្សន៍ជប៉ុនNHKថា កូរ៉េខាងជើងបានជូនដំណឹងដល់កងឆ្មាំសមុទ្រជប៉ុនអំពីផែនការបាញ់បង្ហោះនេះ។
ក្នុងពេលជាមួយគ្នា ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានទទូចសុំអោយកូរ៉េខាងជើងអត់ធ្មត់កុំបាញ់បង្ហោះ និងថាជប៉ុននិងសម្ពន្ធមិត្តនឹងតាមឃ្លាំមើលយ៉ាងដិតដល់។
ការិយាល័យបាននិយាយថា«យើងទទូចសុំអោយកូរ៉េខាងជើងអត់ធ្មត់កុំបាញ់បង្ហោះ និងយើងសហការជាមួយប្រទេសពាក់ព័ន្ធរួមមានអាម៉េរិកនិងកូរ៉េខាងត្បូង»។
ការិយាល័ខាងលើបានបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រមូលនិងវិភាគព័ត៌មានចេញពីការបាញ់បង្ហោះនេះ ចំណែកក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបញ្ជាអោយកងកម្លាំងត្រៀមបំផ្លាញចោលកាំជ្រួចកូរ៉េខាងជើងណាមួយក្នុងករណីវាហោះចូលឬធ្លាក់ក្នុងទឹកដីជប៉ុន។
មុននេះក្នុងខែឧសភា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានទៅពិនិត្យមើលទីតាំងបាញ់បង្ហោះផ្កាយរណបនៅពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានបញ្ចប់ការងារត្រៀមខ្លួនសព្វគ្រប់សំរាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េKCNAបាននិយាយថាលោកគីម បានអនុម័តជំហានបន្ទាប់របស់គណៈកម្មាធិការត្រៀមបាញ់បង្ហោះផ្កាយរណប៕




មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានទៅពិនិត្យមើលទីតាំងបាញ់បង្ហោះផ្កាយរណបនៅពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានបញ្ចប់ការងារត្រៀមខ្លួនសព្វគ្រប់សំរាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួន
ជប៉ុននិងកូរ៉េខាងត្បូងបានភ្ជាប់ប្រព័ន្ធរ៉ាដារវាងគ្នាដើម្បីតាមដានកាំជ្រួចរបស់កូរ៉េខាងជើង