Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​បាញ់​កាំ​ជ្រួច នៅពេល​អាម៉េរិក​និង​កូរ៉េខាងត្បូងធ្វើ​សមយុទ្ធ​យោធា​

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កូរ៉េខាងជើង​ទំនងជា​បាន​បាញ់​កាំជ្រួច​បណ្តែត​ជាច្រើន​ដើម​ចេញពី​ឆ្នេរ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​២២​មីនា នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​យ៉ុន​ហាប់​របស់​កូរ៉េខាងត្បូង​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​តើ​កាំជ្រួច​ប៉ុន្មាន​ដើម​ត្រូវ​បាន​បាញ់​ចេញ តែ​យ៉ុន​ហាប់​បាន​និយាយថា ពួក​វា​អាច​ជា​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ​ចម្ងាយ​ឆ្ងាយ​។​

​កូរ៉េខាងជើង​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បាន​បង្កើន​ការសាកល្បង​បាញ់​កាំជ្រួច រួម​ទាំង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​និង​ហាត់​វាយប្រហារ​ដោយ​សព្វាវុធ​នុយគ្លេអ៊ែរ​លើ​គោលដៅ​ដែល​សន្មត​ជា​របស់​កូរ៉េ​ខាង​​ត្បូង​និង​អាម៉េរិក​។​

​ការបាញ់​កាំជ្រួច​នេះ​កើតឡើង​ចំពេល​អាម៉េរិក​និង​កូរ៉េខាងត្បូង​ត្រៀម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ធំ​បំផុត​នៅ​ខែមិថុនា ក្នុង​ការបង្ហាញ​កម្លាំង​ទៅកាន់​កូរ៉េខាងជើង។ ក្រសួង​ការពារជាតិ​កូរ៉េ​​ខាងត្បូង​បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​ពុធ​ថា សមយុទ្ធបាញ់គ្រាប់ពិតនេះជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​បន្តបន្ទាប់​មួយ ដើម្បី​កត់សំគាល់​ខួប​ទី​៧០​នៃ​សម្ពន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​។​

​ក្រសួង​បាន​និយាយថា «​យើង​រៀបចំ​ផែនការ​ប្រារព្វ​ខួបដោយ​ផ្តោត​លើ​«​ការបង្កើត​សន្តិភាព​តាមរយៈ​កម្លាំង​» ផ្អែក​លើ​សមត្ថភាព​រារាំង​យុទ្ធសាស្ត្រ និង​ជំហរ​យោធា​រួមគ្នា​ដ៏​រឹងមាំ​របស់​យើង ចំ​ពេល​កូរ៉េ​​ខាងជើង​បង្កើន​ការ​គំរាម​ប្រើនុយគ្លេអ៊ែរ​និង​កាំជ្រួច​»​។​

​តាមពិត​កូរ៉េ​ខាងត្បូង​អាម៉េរិក​បាននិងកំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នាជាច្រើន​ប្រភេទ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ រួម​មាន​សមយុទ្ធ​ទ័ពអាកាស និង​សមុទ្រ ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រា​​ប់ច​ម្ងាយ​ឆ្ងាយ​B-1B​និង​សមយុទ្ធ​បើក​នាវា​ឡើងគោក​ទ្រង់ទ្រាយ​ធំ​បំផុត​ផងដែរ​៕

​កូរ៉េខាងជើង​តែង​បាញ់​កាំជ្រួច​ព្រមាន​ដើម្បី​ជា​ប្រតិកម្ម​ចំពោះ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក

Post navigation