Views: 1
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖កូដកម្មការងាររបស់ពួកអ្នកបើករថយន្តដឹកជញ្ជូនធុនធំនៅកូរ៉េខាងត្បូងត្រូវគេប៉ាន់ស្មានថាបានបង្កការខាតបង់១,៦ទ្រីលានវ៉ុន(១,២ពាន់លានដុល្លារ)លើការដឹកជញ្ជូន នេះបើតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្មដឹកជញ្ជូនកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលកូដកម្មទំនងជានឹងអូសបន្លាយពេលដោយសារសហជីពនិងរដ្ឋាភិបាលមិនស្រុះស្រួលមតិគ្នា។
ការរំខានលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសបានរីករាលដាលកាលពីថ្ងៃព្រហស្បតិ៍ទី១ធ្នូ នៅថ្ងៃទីប្រាំបីនៃកូដកម្មការងារទូទាំងប្រទេសពីសំណាក់អ្នកបើកបររថយន្តធំជាង២០.០០០នាក់ នៅពេលរដ្ឋាភិបាលត្រៀមបញ្ជាអោយពួកគេវិលចូលធ្វើការវិញ។

កូដកម្មរបស់អ្នកបើកបររថយន្តដឹកជញ្ជូននៅកូរ៉េខាងត្បូងមានរយៈពេលមួយសប្តាហ៍មកហើយ នៅពេលរដ្ឋាភិបាលនិងសហជីពចរចាមិនត្រូវគ្នា
ក្រសួងបាននិយាយថា ឥឡូវឧស្សាហកម្មស៊ីម៉ងត៍ ដែក យានយន្តនិងចម្រាញ់ប្រេងមើលឃើញការខាតបង់១,៦ទ្រីលានវ៉ុនក្នុងការដឹកជញ្ជូននៅរយៈពេលប្រាំពីរថ្ងៃចាប់តាំងពីកូដកម្មបានចាប់ផ្តើមកាលពីសប្តាហ៍មុន ។វារួមមានដែក៥៦២.៦០០តោន តំលៃ៧៣១,៣ពាន់លាន រថយន្ត៦.៧០៧គ្រឿងថ្លៃ៣១៩,២ពាន់លានវ៉ុននិងផលិតផលប្រេង២៥៩.២៣៨គីឡូលីត្រ ថ្លៃ៤៤២,៦ពាន់លានវ៉ុនជាប់កកស្ទះនៅកន្លែងឆ្លងកាត់។
ការចរចាជុំបន្ទាប់នៅមិនទាន់កំណត់ថ្ងៃខែនៅឡើយ នៅពេលកិច្ចប្រជុំកាលពីថ្ងៃពុធរវាងមន្ត្រីរដ្ឋាភិបាលនិងតំណាងសហជីពមានការស្រែកដាក់គ្នា។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនបន្តប្រព័ន្ធបង់ប្រាក់អប្បរមាសំរាប់អ្នកបើករថយន្តធំអោយហួសបីឆ្នាំទៀតទេនៅពេលពួកសហជីពទាមទារដាក់ប្រព័ន្ធនេះជាអចិន្ត្រៃយ៍និងពង្រីកវិសាលភាពរបស់វាកាន់តែធំឡើង។
Kumho Tire Co Inc ក្រុមហ៊ុនផលិតសំបកកង់រថយន្តលំដាប់ទីពីរនៅកូរ៉េខាងត្បូង បាននិយាយថា ក្រុមហ៊ុនកាត់បន្ថយផលិតកម្ម១៥ទៅ៤០ភាគរយនៅរោងចក្រពីររបស់ខ្លួន ដោយសារកូដកម្មរារាំងការដឹកជញ្ជូន។
ក្រុមហ៊ុនជាច្រើនក្នុងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បាននិយាយថា ការផលិតថ្មីដូចជាត្រីនិងគីមជី ត្រូវបានលុបចោលដោយសារមជ្ឈមណ្ឌលឧស្សាហកម្មត្រូវបិទខ្ទប់។ចំណែកការនាំចេញនៅរោងចក្រមួយរបស់ក្រុមហ៊ុន Samsung Electronicsដែលភាគច្រើនជាម៉ាស៊ីនត្រជាក់និងទូរទឹកកកត្រូវបានបញ្ឈប់។
ក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលត្រៀមបញ្ជាអោយអ្នកបើកបររថយន្តដឹកប្រេងឆៅវិលចូលធ្វើការបន្ទាប់ពីខ្លួនបានចេញបញ្ជាអោយអ្នកបើកបរដឹកស៊ីម៉ង់ត៍២.៥០០នាក់វិលមកធ្វើការនៅសប្តាហ៍នេះ។
សូមបញ្ជាក់ថានៅកូរ៉េខាងត្បូង ការបដិសេធ«បទបញ្ជាអោយវិលមកធ្វើការវិញ»អាចរងការពិន័យប្រាក់ ឬជាប់គុក និងអាចត្រូវដកប័ណ្ណបើកបរថែមទៀត៕