Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លទ្ធផលជំនួបតាមទូរស័ព្ទរវាងតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

Views: 1

ដោយ:មុនីរ័ត្ន/ភ្នំពេញ :តបតាមសំណើរបស់ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយ  ឯកឧត្តមប្រធានាធិបតី  នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣   នៅទីក្រុងភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់ កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ។


សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់ អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់ សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន  សម្តេចតេជោ បានស្វាគមន៍ និងអបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។  សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។


ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណជូន សម្តេចតេជោ ចំពោះជំនួបតាមទូរសព័្ទដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ហើយឯកឧត្តម បានជូនពររាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ទទួលបានសន្តិភាព និង វិបុលភាពជានិរន្តរ៍៕សរន

Post navigation