Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លះបង់​អត្តពលកម្ម​ចាប់យក​ហែល​ទឹកបាន​ទទួលជោគជ័យ​មែន​

Views: 10

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡាករ​ពិការភាព យ៉ុ​ន មួយ បាន​ចំណាយពេល​ស្ទើរតែ​៥ឆ្នាំ​ក្នុង​ការលេង​កីឡា​តែ​ទីបំផុត​គេ​សម្រេច​នូវ​មហិច្ឆតារ​រ​ប់​ខ្លួន​ដោយ​ដណ្ដើមបាន​មេដាយប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ​ប្រទេស​
​ឥណ្ឌូនេស៊ី​ដែល​ទើបតែ​បញ្ចប់ទៅ​នាពេល​ថ្មីៗ​នេះ ។​

​កីឡាករ យ៉ុ​ន មួយ ទទួលបាន​មេដាយ ២​គ្រឿង លើ​ប្រភេទ​កីឡាហែលទឹក ក្នុងនោះ​មេដាយប្រាក់ លើ​វិញ្ញាសា​ហែល​សេរី ចម្ងាយ ២០០​ម៉ែត្រ ប្រភេទ SM8 និង​មេដាយ​សំរឹទ្ធ វិញ្ញាសា​ហែល​មេអំបៅ ចម្ងាយ ៥០​ម៉ែត្រ ប្រភេទ S8​។​

​អតីតកាល​របស់គេ​គឺ​លេង​កីឡាអត្តពលកម្ម​តែ​គេ​ប្ដូរ​មកលេង​កីឡាហែលទឹក​នៅក្នុង​ឆ្នាំ​២០១៨ និង​បាន​ប៉ុនប៉ង​ច្រើនលើកច្រើនសារ ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម តែ​ខកខាន​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​កីឡាករ​យ៉ុ​ន​មួយ​បាន​និយាយថា​រូបគេ​ពិតជា​មាន​មោទនភាព ដោយសារតែ​ការប្រកួត​នេះ ជាការ​ប្រកួត​លើកដំបូង​របស់គេ អាច​ទទួលបាន​រហូត​ទៅដល់​មេដាយ ២​គ្រឿង​។ រូបគេ​ធ្លាប់តែ​ចូលរួម​ព្រឹត្តិការណ៍​យុវជន ប៉ុន្តែ​នៅ​ឆ្នាំ​២០២២​នេះ គឺ​ថ្មី​សម្រាប់​គេ​ក្នុងការ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួនឯង​នៅក្នុង​ការចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​

​កត្តា​ដែល​នាំ​ឲ្យ យ៉ុ​ន មួយ មានការ​ប្តេជ្ញាចិត្ត​រហូត​ដល់​ឈ្នះ​មេដាយ​នេះ សំខាន់​ជាងគេ​ទី​១ គឺ​ក្រុមគ្រួសារ ដែល​តែងតែ​លើកទឹកចិត្ត​, ទី​២ គឺ​ថ្នាក់ដឹកនាំ​, ទី​៣ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក តែងតែ​ផ្ដល់​គ្រូ​ជម្រើសជាតិ​ដែលមាន​បច្ចេកទេស និង​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ទី​៤ គឺ​មិត្ត​ភ័ក្តិ ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ដល់​រូប​ខ្លួន​។​

​សម្រាប់​អាស៊ាន​ហ្គេម​ឆ្នាំ​២០២៣​យ៉ុ​ន​មួយ​បាន​តាំងចិត្ត​រួចហើយ​ហើយនឹង​ខំប្រឹង​ហ្វឹកហាត់​បន្ថែមទៀត​ដើម្បី​គ្រង​មេដាយ​ច្រើនជាង​ការ​ទៅ​ប្រកួត​នៅ​ឥណ្ឌូនេស៊ី​។​នៅ​ឆ្នាំ​២០២៣​នេះ គេ​ប្ដេជ្ញា​ថា​អាច នឹង​យក​មេដាយមាស​ឲ្យ​បាន​។​

​កីឡាករ​រូបនេះ​កើត​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​១៩៩៣ នៅ​ភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ កីឡាករ​រូបនេះ​ចាប់ផ្ដើម​ដំបូង​ឡើយ ជា​កីឡាករ​អត្តពលកម្ម រយៈពេល​៤​ឆ្នាំ (២០១២-២០១៦) លុះ​ចូលដល់​ឆ្នាំ​២០១៨ រូបគេ​បាន​ចូលរួម​លេង​លើ​ប្រភេទ​កីឡាហែលទឹក​។​ហ្វឹកហាត់​បាន ៦​ខែ ក៏បាន​ចេញទៅ​ប្រកួត​ជើងឯក​យុវជន (Youth Para Sports Camp) នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ទទួលបាន​មេដាយមាស​។ ចូលដល់​ឆ្នាំ​២០១៩ ក៏បាន​ជាប់​ជម្រើសជាតិ​ឈុត​ធំ និង​ទើបតែ​បាន​ចេញទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើកដំបូង​ឆ្នាំ​២០២២​នេះ​៕​

Post navigation