Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ហ៊ុន ម៉ា​នី គូសបញ្ជាក់​មេរៀន​ពីរ ដែល​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​ចងចាំ ចេញពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កាលពី ៥៣​ឆ្នាំមុន​

Views: 1

ដោយ​៖​សុផល​/​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចែករម្លែក​នូវ​មេរៀន​ចំនួន​ពីរ​ដែល​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​ចងចាំ​ក្នុង​ចិត្ត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កាលពី ជាង៥០ឆ្នាំមុន​។​

​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នា​ថ្ងៃទី​១៨​ខែមីនា​នេះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា កាលពី ៥៣​ឆ្នាំមុន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សេនាប្រមុខ លន់ នល់ ដោយមាន​ការគាំទ្រ​ពី​បរទេស បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ ដែល​ជាទីគោរព​សក្ការៈ​នៃ​យើង​។

​ក្នុងនាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជានិង​ក្នុងនាម​ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយយើង​ត្រូវ​ចងចាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះដែល​អាច​និយាយបានថាជា​ចំណុច​ចាប់​ផ្តើម​នៃ​ការនាំ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ស៊ីវិល ដោយ​បន្ត​នាំទុក្ខ​វេទនា​រហូត​រុញច្រាន​ប្រជាជន​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​អ្វីដែល​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​ចងចាំ ចេញពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ គឺ​មេរៀន​ចំនួន​ពីរ ក្នុងនោះ ទី​១)​ការជ្រៀតជ្រែក​ពី​បរទេស​អាច​នាំ​ឲ្យ​កម្ពុជា ឆ្លងកាត់​នូវ​ភាពមិនច្បាស់លាស់ ហើយក៏​អាចបង្កើត​នូវ​សោដនា​កម្ម​ដូច​អតីតកាល ដែល​ផ្តល់​ជា​មេរៀន​ដ៏​ជូរចត់​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​។ ទី​២) ការជ្រៀតជ្រែក​របស់​ប​រទេស ក៏​នឹង​អាច​នាំមក​នូវ​ការបែកបាក់​សាមគ្គីភាព​របស់​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​ទាំងមូល​ដែល​សង្គមជាតិ​យើង​បាន​ឆ្លងកាត់​ដ៏​លំបាក​អស់​ជាច្រើន​ទសវត្សរ៍ ទម្រាំ​យើង​សម្រេចបាន​ពេញលេញ​នូវ​សាមគ្គី និង​ឯកភាព​ជាតិ ក្រោយ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​១៩៩៨​។​

​លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា​៖​ផ្អែកលើ​មេរៀន នៃ​ថ្ងៃ ១៨ មីនា ១៩៧០ នេះ​៖
​ទី​១) យើង​ត្រូវ​ចងចាំ​ដាច់ខាត​នូវ​ព្រឹត្តិការណ៍ នេះ កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ កើតឡើង​វិញ​
​ទី ២) យើង​ត្រូវ​ថែរក្សា​សាមគ្គី ឯកភាព ផ្ទៃក្នុង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ដាច់ខាត ដោយ ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​នានា​ដោយ​ខ្លួនឯង និង​ជំរុញ​បន្ថែមទៀត ការអភិវឌ្ឍ​ប្រទេសជាតិ ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេសជាតិ​យើង
​ទី​៣) យើង​ត្រូវបញ្ជូន​សារ​ទៅ​មិត្ត​បរទេស​ដែរ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ត្រូវគោរព អធិបតេយ្យ ឯករាជ្យ និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​យើង​ត្រូវ​រក្សា​ឲ្យ​បាន​ដើម្បី​អនាគត​របស់​ប្រជាជន​យើង​៕​Ph

Post navigation