Cambodia

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ទៅធ្វើការងារនៅប្រទេសជិតខាងបន្តទៀត

លោក ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លងដែនទៅធ្វើការងារនៅប្រទេសជិតខាង ដោយចៀសវាងចាញ់បោកមេខ្យល់ ដែលនាំឆ្លងដែនទៅរកការងារធ្វើនៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងស្ថានភាពលំបាកនេះ។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន លើកឡើងថា កន្លងមក មានពលរដ្ឋមួយចំនួន បានចាញ់បោកមេខ្យល់ ដែលនាំឆ្លងដែនទៅប្រទេសជិតខាង។ លោកបញ្ជាក់ថា  មានពលរដ្ឋខ្លះត្រូវបានសមត្ថកិច្ចប្រទេសនោះចាប់ដាក់ពន្ធនាគារនិងបញ្ជូនមកកម្ពុជាវិញជាហូរហែរជាដើម។

ប្រមុខរដ្ឋាភិបាលរូបនេះ បានជំរុញឱ្យពលរដ្ឋខិតខំរកការងារធ្វើនៅក្នុងប្រទេស ដោយសារការលួចឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់ នៅប្រទេសជិតខាង អាចត្រូវបានចាញ់បោកគេ ហើយត្រូវបានគេចាប់ដាក់គុក និងចាប់បញ្ជូនមកស្រុកវិញផងដែរ។

លើសពីនេះ លោកថា ក្នុងស្ថានភាពវិបត្តិជំងឺជាសកលកូវីដ១៩នេះ ការលួចឆ្លងដែនទៅរកការងារធ្វើនៅក្រៅប្រទេស អាចប្រឈមហានិភ័យខ្ពស់ ពិសេសការឆ្លងជំងឺនេះតែម្តង។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីមិនបានលើកឡើងអំពីមូលហេតុចម្បងដែលជំរុញឱ្យពលរដ្ឋប្រថុយប្រថាន ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ពិសេសប្រទេសថៃ ដោយខុសច្បាប់នោះឡើយ។

សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធពលករចំណាកស្រុកធ្លាប់លើកឡើងថា មូលហេតុចម្បងដែលជំរុញទឹកចិត្តឱ្យពលរដ្ឋខ្មែរចេញចំណាកស្រុកដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយសារភាពទីទាល់ក្រខ្លាំងរបស់ពួកគាត់ បញ្ហាជំពាក់បំណុលធានាគារឬមីក្រូហិរញ្ញវត្ថុវ័ណ្ឌករ ខណៈការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្ថានភាពកូវីដ១៩ពីសំណាក់រដ្ឋាភិបាលនៅមិនទាន់ឆ្លើយតបទៅនឹងការលំបាករបស់ពលរដ្ឋ  និងមិនបានទូលំទូលាយនៅឡើយ។

លើសពីនេះ ពលរដ្ឋខ្លះ ត្រូវបានគេលើកយកមកនិយាយ ពួកគាត់ក្រដល់ថ្នាក់មិនមានអត្តសញ្ញាណសម្គាល់ថាខ្លួនឯងក្រទៅទៀត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ឱ្យដឹងថាក្នុងស្ថានភាពកូវីដ១៩នេះ តាំងពីមុនបុណ្យចូលឆ្នាំខ្មែរមក យ៉ាងហោចណាស់មានពលរដ្ឋខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ចូលមកកម្ពុជាប្រមាណ១០ម៉ឺននាក់។ លោកធ្លាប់លើកឡើងដែរថា ពលករខ្មែរទាំងនោះ អាចទំនុកបម្រុងខ្លួនឯងបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយពួកគេរំពឹងថានឹងត្រឡប់ទៅរកការងារធ្វើនៅស្រុកថៃវិញ នៅពេលស្ថានភាពកូវីដ១៩ ស្ងាប់ស្ងាត់។

យ៉ាងនេះក្តី លោក ស ខេង អះអាងថាវាជារឿងលំបាកបំផុតក្នុងការ  ត្រឡប់ទៅរកការងារធ្វើនៅស្រុកថៃវិញ ព្រោះភាគីថៃនៅបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅឡើយ ហើយបន្តបិទព្រំដែនជាមួយកម្ពុជា ដោយមិនទាន់អនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរអាចចេញចូលឡើងវិញនៅឡើយ។

សារព័ត៌មាន និងដំណឹងដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីភាពប្រថុយប្រថានរបស់ពលរដ្ឋខ្មែរ លួចឆ្លងដែនចូល និងចេញទៅប្រទេសថៃ ហើយត្រូវបានតម្រួតថៃចាប់ខ្លួនក្នុងព្រៃ ក្នុងចម្ការរបស់គេជាហូរហែ។

ករណីខ្លះពលករខ្មែរឆ្លងអូរជាប់ព្រំដែន ដើម្បីគេចផុតពីសមត្ថកិច្ចឬ តម្រួតថៃ ប៉ុន្តែត្រូវលង់ទឹកស្លាប់ និងខ្លះទៀតត្រូវជួបគ្រោះថ្នាក់ផ្សេងៗ។

ការឆ្លងដែនដោយខុសច្បាប់ទៅស្រុកថៃ ក្នុងស្ថានភាពជំងឺកូវីដ១៩ នៅលើពិភពលោកមិនទាន់ផុតរលត់នេះ បានជំរុញឱ្យអាជ្ញាធរថៃ បង្កើនការរឹតបន្តឹងតាមព្រំដែនជាមួយកម្ពុជា រហូតដល់ថ្នាក់ពួកគេរាយបន្លារលួសដាក់ឃាំងនៅតាមព្រំដែនផងដែរ។

របាយការណ៍ពីក្រសួងការងារកាលពីឆ្នាំមុនបានឱ្យដឹងថា ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានចំនួនជាង១លាន២សែននាក់ ប៉ុន្តែសង្គមស៊ីវិលថាមានរហូតដល់២លាននាក់។

លំហូរកម្លាំងពលកម្មខ្មែរទៅរកការងារនៅស្រុកថៃយ៉ាងច្រើនេះ បានធ្វើឱ្យក្រុមអ្នករិះគន់ ធ្លាប់ហៅរដ្ឋាភិបាលលោកហ៊ុន សែន ថាអសមត្ថភាពក្នុងការដឹកនាំប្រទេស ដោយមិនអាចបង្កើតការងារក្នុងស្រុកដែលមានប្រាក់ខែសមរម្យបាន ខណៈពលរដ្ឋមានប្រមាណ១៦លាននាក់ប៉ុណ្ណោះ។

ដោយឡែកពលរដ្ឋថៃមានជិត១០០លាននាក់ ប៉ុន្តែមេដឹកនាំរបស់គេ គឺគេអាចដឹកនាំប្រទេសមានការរីកចម្រើន ហើយពលរដ្ឋរបស់គេមានការងារធ្វើមិនខ្វះ រហូតដល់អាចទាក់ទាញកម្លាំងពលកម្មពីប្រទេសជិតខាងបានរាប់លាននាក់ថែមទៀតផង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Cheryshev did not train with Valencia. The club reported a case of coronavirus in the team
Vedomosti launches a sports website with a focus on the business side. The print version will also be
Conte that he would be fired before Christmas: If so, it will only be because I deserve it
Marcelo Bielsa: Maradona was an artist. He will remain our idol
Day will miss 2 months due to an ankle injury. He is Everton's best assistant
Pierre-Emerick Aubameyang: Arsenal hope to surprise the world. The main problem is the lack of goals, we solve it
Raiola on the salary cap in football: Would you limit Banksy or da Vinci's salaries? Infantino wants us to become North Korea