Views: 3
ដោយៈ មុនីរ័ត្ន/ភ្នំពេញ : ដោយសារអស់ជំនឿទៅលើគោល នយោបាយបរទេសនិយម លោកអ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្ស សង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានបានសម្រេចចិត្តផ្តាច់ខ្លួន និង ឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយទណ្ឌិត សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។នេះបើយោងតាមលិខិតរបស់លោកអ៊ូ ច័ន្ទឫទ្ធិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោកអ៊ូ ច័ន្ទឫទ្ធិ ក៏បានស្នើសុំសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។
លោកអ៊ូ ច័ន្ទឫទ្ធិ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា “ខ្ញុំបាទត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យ នេះដែរ ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និង ឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។”

ជាមួយគ្នានេះ លោកអ៊ូ ច័ន្ទឫទ្ធិ បានសំណូមពរឲ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ទៅព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឲ្យរូបលោកមានសេរី ភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្តីអនុគ្រោះ។
សូមជម្រាបថា លោកអ៊ូ ច័ន្ទឫទ្ធិ ត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធ រួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា និងទីកន្លែងផ្សេងទៀត ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោកកូយ សៅ ចុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ ក្រៅពីលោក អ៊ូ ច័ន្ទឫទ្ធិ តុលាការក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្សចំនួន ៧នាក់ផ្សេងទៀតផងដែរ រួមមាន: លោក សម រង្ស៊ី , លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក ម៉ែន សុថាវរិន្ទ្រ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងលោកស្រី មូរ សុខហួរ៕/R
