Views: 3
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan) បានឈ្នះការបោះឆ្នោតមួយអាណត្តិទៀតកាលពីថ្ងៃអាទិត្យទី២៨ឧសភា ដោយពង្រីកការគ្រប់គ្រងអំណាចផ្តាច់ការរបស់គាត់ចូលដល់ទសវត្សរ៍ទីបី ខណៈប្រទេសកំពុងងើបពីអតិផរណាខ្ពស់និងក្រោយការរញ្ជួយដីដែលបានបំផ្លាញទីក្រុងទាំងមូលៗ។
អាណត្តិទីបីនេះបានផ្តល់ឱ្យលោកអឺដូហ្គាននូវកណ្តាប់ដៃកាន់តែខ្លាំងនៅក្នុងស្រុកនិងអន្តរជាតិ ហើយលទ្ធផលបោះឆ្នោតនឹងមានផលប៉ះពាល់ហួសពីរដ្ឋធានីអង់ការ៉ាទៅទៀត។តួកគីមានទីតាំងនៅផ្លូវបំបែកនៃទ្វីបអឺរ៉ុបនិងអាស៊ី ហើយប្រទេសនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអង្គការណាតូ។
ជាមួយនឹងសន្លឹកឆ្នោតជាង ៩៩% ត្រូវបានបើក លទ្ធផលក្រៅផ្លូវការពីបណ្តាភ្នាក់ងារសារព័ត៌មាននានាបានបង្ហាញថា លោកអឺដូហ្គានទទួលបាន ៥២% នៃសន្លឹកឆ្នោត ធៀបនឹង ៤៨%សម្រាប់គូប្រជែងរបស់គាត់គឺ លោក កេម៉ាល់ គីលីចដារ៉ូក្លូ (Kemal Kilicdaroglu)។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់តួកគីបានបញ្ជាក់ពីជ័យជម្នះនេះ ដោយនិយាយថាសូម្បីបន្ទាប់ពីរាប់សន្លឹកឆ្នោតបានការទាំងអស់ឡើងវិញក៏លទ្ធផលនៅតែលោកអឺដូហ្គានឈ្នះមួយអាណត្តិទៀតដដែល។
នៅក្នុងសុន្ទរកថាចំនួនពីរ ដែលមួយធ្វើនៅទីក្រុងអ៊ីស្តង់ប៊ុលនិងមួយទៀតនៅទីក្រុងអង់ការ៉ាលោកអឺដូហ្គានបានថ្លែងអំណរគុណដល់ប្រជាជាតិដែលបានប្រគល់ការទុកចិត្តឱ្យគាត់ធ្វើជាប្រធានាធិបតីសម្រាប់រយៈពេលប្រាំឆ្នាំទៀត។
លោកបានប្រាប់អ្នកគាំទ្រនៅលើឡានក្រុងយុទ្ធនាការនៅខាងក្រៅផ្ទះរបស់គាត់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា “យើងសង្ឃឹមថាសមទទួលបានការជឿទុកចិត្តពីអ្នក ដូចដែលយើងបានធ្វើ ២១ ឆ្នាំមកនេះ”។
លោកបានចម្អកឱ្យគូប្រជែងចំពោះការចាញ់ឆ្នោត ដោយនិយាយថា “លាហើយ លាហើយ កេម៉ាល់” ខណៈដែលអ្នកគាំទ្រនាំគ្នាស្រែកហ៊ោ។ លោកបាននិយាយថា ការបែងចែកគ្នាក្នុងការបោះឆ្នោតឥឡូវនេះបានបញ្ចប់ហើយ ប៉ុន្តែគាត់នៅតែបន្តប្រឆាំងនឹងគូប្រជែងរបស់គាត់ក៏ដូចជាអតីតសហមេដឹកនាំគណបក្សគាំទ្រពួកឃឺដ ដែលជាប់ពន្ធនាគារអស់ជាច្រើនឆ្នាំពីបទជាប់ពាក់ព័ន្ធទៅនឹងអំពើភេរវកម្ម។
លោកអឺដូហ្គានបាននិយាយទៅកាន់មនុស្សរាប់សែននាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាថា “អ្នកឈ្នះតែមួយគត់នៅថ្ងៃនេះគឺប្រទេសតួកគី” ដោយសន្យាថានឹងខិតខំប្រឹងប្រែងសម្រាប់សតវត្សរ៍ទី២របស់តួកគី ដែលគាត់ហៅថា “សតវត្សរ៍តួកគី”។ ប្រទេសនេះនឹងប្រារព្ធខួបមួយរយឆ្នាំរបស់ខ្លួននៅឆ្នាំនេះ៕

លោកអឺដូហ្គានថ្លែងទៅកាន់អ្នកគាំទ្រក្នុងក្រុងអ៊ីស្តង់ប៊ុលក្រោយឈ្នះឆ្នោតមួយអាណត្តិទៀត