ចែករម្លែក

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​ជួប​លោកស្រី លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស​(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​កម្ពុជា(រូបថតក្រសួងបរិស្ថាន)

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានទទួល​ជួប​លោកស្រី លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស​(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​កម្ពុជា ។​ជំនួប​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​រសៀល​ថ្ងៃទី​១០​ខែកក្កដា​ នៅ​ទីស្តីការក្រសួង​។​


​ប្រភព​ក្រសួងបរិស្ថាន​បញ្ជាក់ថា​ ក្នុងឱកាស​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង អំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតឱកាស​ចំណាយពេល​វេលា​មានតម្លៃ ជួប​សំណេះសំណាល​ការងារ​ជាមួយ​លោកស្រី ហើយលោកស្រី​មាន​សេចក្ដី សោមនស្ស​រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​លើក​ទី​១ នៅ​កម្ពុជា​។ នៅក្នុង​អាណត្តិ​បេសកកម្ម​នេះ ​លោកស្រី​រំពឹងថា​នឹង​អាច​សម្រេចបាន​លទ្ធផល​ជាច្រើន​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យ​កសិកម្ម និង​អប់រំ​។​

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន


​ចំណែក​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ចំពោះ​ជំនួយ​របស់​ប្រទេស​គុយបា នាពេល​កន្លងមក ជាពិសេស​ការផ្ដល់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​គុយបា និង​ជំនួយ​ផ្សេងៗ​ទៀត​លើ​វិស័យ​កសិកម្ម​។ លោក​សង្ឃឹមថា នៅក្នុង​អាណត្តិ​របស់លោក​ស្រី កម្ពុជា​-​គុយបា នឹង​អាច​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស បច្ចេកវិទ្យា​ជីវសាស្ត្រ (Biotechnology) លើ​វិស័យ​កសិកម្ម និង​វេជ្ជសាស្ត្រ​។ លោក​រដ្ឋមន្ត្រី​ស្នើឱ្យ​មាន​ជំនួយ​លើ​ការលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ តាមរយៈ​ការពង្រឹង​ផលិតភាព​កសិកម្ម ការចិញ្ចឹម​សត្វ និង​ការដាំដុះ (​ពិសេស​ដំណាំ​ស្ករអំពៅ​)​។ បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុង​ជំរុញ​ការដាំដុះ Soft wood ដូចជា​អាកាស្យា និង​ម៉ៃសាក់ ជាដើម ហើយ​កំពុង​ពិនិត្យ​លទ្ធភាព​លើ​ការជំរុញ​ការដាំដុះ​ផ្លែ​លម៉ើ​​៕​សរន​/Ha

លោកស្រី លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស​(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​កម្ពុជា