Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ៖ រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តការធ្វើកំណែទម្រង់អភិបាលកិច្ចល្អប្រកបដោយជោគជ័យ

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថា រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តការធ្វើកំណែទម្រង់អភិបាលកិច្ចល្អ ប្រកបដោយជោគជ័យតាមការគ្រោងទុក ក្នុងរយៈពេលកន្លងមកនេះ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៤១៦នាក់ ក្នុងស្រុកពារាំង នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោក ស សុខា បានគូសបញ្ជាក់ថា ដំណើរការកែទម្រង់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអនុវត្តជាប់ជាប្រចាំ រហូតសម្រេចបានលទ្ធផលតាមការរំពឹងទុក បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងវិបត្តិសកលយ៉ាងណាក្តី។

លោកបានបន្តថា ជាក់ស្តែងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានជំរុញអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី១ (២០១០-២០១៩) ដោយបានផ្ទេរមុខងារជិត ៦០ ក្នុងវិស័យ ចំនួន ២០ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមទាំងការផ្ទេរមុខងារសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងការផ្ទេរមុខងារបឋមសិក្សា ការអប់រំកុមារតូច និងការអប់រំក្រៅប្រព័ន្ធដែលកំពុងអនុវត្តសាកល្បងនៅក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ។ ទន្ទឹមនេះក្រសួង ស្ថាប័ននានា ក៏បានធ្វើប្រតិភូកម្មមុខងារផ្តល់សេវារដ្ឋបាល ជាង ៨០០ប្រភេទ ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

ជាមួយគ្នានេះការផ្ទេរថវិកាពីថ្នាក់ជាតិ ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានកំណើនពី ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ រហូតដល់ជាង ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២ កន្លងមកនេះ។

លោក ស សុខា បានបន្តទៀតថា ឈរលើមូលដ្ឋាន នៃសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តសម្រេចដាក់ចេញនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជារដ្ឋបាលនៅកៀកជាប់ផ្ទាល់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឲ្យក្លាយជារដ្ឋបាលដ៏រឹងមាំដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ចំពោះកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏សម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ក្នុងនោះរួមមានដូចជា ៖ ការកែទម្រង់ការបើកប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍តាមប្រព័ន្ធធនាគារ ការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបានបង្កើនប្រាក់សោធននិវត្តន៍ដល់អតីតយុទ្ធជន និងមន្ត្រីរាជការចូលនិវត្តន៍មុនៗ ដែលមានកម្រិតប្រាក់សោធននិវត្តន៍ទាប ផងដែរ៕សរន

Post navigation