Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ស្នើឲ្យក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បន្តសកម្មភាពជាប្រយោជន៍ជាតិ និងប្រជាជនឲ្យដូចភ្លៀងរលឹម

Views: 3

ដោយៈ មុនីរ័ត្ន/ភ្នំពេញ : “យុវជនយើងមិនត្រូវស្កប់ស្កល់នឹងការធ្វើអំពើល្អ និងសកម្មភាពជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងឡើយ គឺត្រូវបន្តសកម្មភាពជាប្រយោជន៍ជាតិ និងប្រជាជន ឲ្យដូចភ្លៀងរលឹម”។ នេះជាការបញ្ជាក់របស់លោក ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនទាំង ៣ខេត្ត ដែលក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ បានខិតខំធ្វើសកម្មភាពតាមទិសដៅការងាររៀងៗខ្លួន បន្តរក្សាបាននូវស្នាដៃដ៏ឧត្តុង្គឧត្តម រួមចំណែកបម្រើជាតិ និងប្រជាជនជាមួយយន្តការនានា និងតួអង្គសំខាន់ៗផ្សេងទៀត ទាំងក្នុងជួររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ស សុខា បានផ្ដល់ទស្សនាទានថា ក្រុមការងារយុវជនគ្រប់យន្តការ មិនត្រូវសន្មត់ជាអត្តនោម័តថាអ្វីៗ ដែលក្រុមការងារបានធ្វើមកហើយនោះ ជារឿងត្រឹមត្រូវជារៀងរហូតឡើយ ត្បិតតម្រូវការប្រជាពលរដ្ឋ តម្រូវការសង្គម និងស្ថានភាពប្រទេសជាតិ ក៏ដូចជាពិភពលោក រមែងមានការប្រែប្រួលជារៀងរាល់ថ្ងៃ ដែលទាមទារឱ្យក្រុមការងារយុវជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពទិសដៅការងារ និងធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធផលខ្ពស់។

លោកបានបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារយុវជនទាំង ៣ខេត្ត នៅថ្ងៃនេះ ជាឱកាសរួមគ្នាឆ្លុះកញ្ចក់ពិនិត្យមើលបទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដើម្បីដឹងថា តើផែនការដែលបានដាក់ចេញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នោះ មានចំណុចខ្វះខាតដែរឬទេ? សម្រេចបានសមិទ្ធផលអ្វីខ្លះ? និងជួបបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីអង្គប្រជុំរួមគ្នាចែករំលែកបទពិសោធន៍ ប្រមូលគំនិត និងទស្សនៈវិស័យមកសម្រួចទិសដៅអនុវត្តក្នុងឆ្នាំ២០២៣ នេះ ឱ្យបានត្រឹមត្រូវ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ស សុខា ក៏បានស្នើឲ្យក្រុមការងារយុវជនទាំង ៣ខេត្ត បន្តជំរុញសកម្មភាពរបស់ខ្លួន តាមផែនការដែលបានដាក់ចេញ និងឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាន ដើម្បីបម្រើឲ្យផលប្រយោជន៍យុវជន ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ N

Post navigation