Views: 7
ដោយៈ ដេប៉ូ / ព្រះសីហនុ ៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការបន្តដំណើរកម្ពុជា បន្តទៅមុខទៀត។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ លោក សាយ សំអាល់ បែបនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះជួយយក្រុង ស្រុក ឃុំ និងសមាជិ-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក ប្រធានក្រុមការងារ បានជំរុញនិងលើកទឹកចិត្តសមាជិក-សមាជិកា បង្កើនកិច្ចខិតខំបន្ថែម ក្នុងការកៀរគរចលនាគណបក្ស បន្ថែមទៀត ឲ្យកាន់តែរឹងមាំ ចុះដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះ ដោយជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល ដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាម នាំប្រទេសឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ បន្តរក្សាការរីកចម្រើន ម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។
ក្នុងពិធីនេះដែរ លោក សាយ សំអាល់ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះដល់ក្រុមការងារ និងសមាជិក-សមាជិកាបក្ស ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែង នាពេលកន្លងមក បម្រើនិងអនុវត្តនូវគោលនយោបាយរបស់ គណបក្សប្រជាជន ដែលបានដាក់ចេញ ក្នុងការបំពេញការងារ ក្នុងមូលដ្ឋានរបស់ខ្លួន និងបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ៕/V/R


