Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក សួន សេរីរដ្ឋា ៖ ក្រុមអង្គការសមាគមមួយចំនួន បញ្ចុះ​បញ្ចូលមនោគមន៍វិជ្ជា នយោបាយ ទៅសមាជិករបស់ខ្លួន ឲ្យក្រោកឡើងប្រឆាំង​តវ៉ា ជាមួយរាជរដ្ឋាភិបាល

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជា​ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ មានក្រុមអង្គការ សមាគម​មួយចំនួន បែងចែកកិច្ចការងារធ្វើ ដើម្បីប្រមូលផ្តុំសមាជិក បញ្ចុះបញ្ចូលមនោគមន៍វិជ្ជានយោបាយ ទៅសមាជិករបស់ខ្លួន និងអូសទាញសមាជិក របស់ខ្លួន ឲ្យក្រោកឡើងប្រឆាំងតវ៉ា ជាមួយរាជរដ្ឋាភិបាល និងដើម្បីឈានទៅដល់ ការដឹកនាំចលនា​បះ​បោរទម្រង់ទ្រង់ទ្រាយធំមួយ ចង់ទាញទម្លាក់រដ្ឋាភិបាល ដែលកើតចេញ​អំពីការបោះឆ្នោតពីឆន្ទៈប្រជាពលរដ្ឋ ឲ្យធ្លាក់ពីអំណាចតែម្តង។ ហើយ រាល់សារ រាល់ភាសា និងពាក្យពេជន៍ ដែលពួកគេនិយាយបញ្ជ្រាប​ទៅសមាជិកសមាគម​របស់ពួកគេ ឬសមាជិកសហជីព កម្មកររបស់ពួកគេ គឺសុទ្ធតែជាសារនយោ​បាយ ញុះញង់សុទ្ធសាធ។

លោកបានបន្តថាៈ សកម្មភាពរបស់ពួកគេ គឺឃើញថា ភាគច្រើន វាមិនមែនជាសកម្មភាព បែបសង្គមស៊ីវិល ដែលធ្វើការក្នុងនាមជាដៃគូ របស់រាជរដ្ឋាភិបាល ដូចដែលសង្គមស៊ីវិល នៅតាមបណ្ដាប្រទេសផ្សេងៗ លើពិភពលោកទេ គឺជាសកម្មភាពនយោបាយសុទ្ធសាធ ដែលបម្រើនិន្នាការនយោបាយ បម្រើគណបក្សនយោបាយ ដែលពួកគេគាំទ្រ និងជាលក្ខណៈប្រព័ន្ធ។ ប៉ុន្តែគ្រាន់តែពួកគេបង្កប់ជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល គេមិនចេញមុខចំហរថាគេគាំទ្របក្សណាទេ។ ប៉ុន្តែសកម្មភាពរបស់ពួកគេ គឺឃើញច្បាស់ ហើយគេគាំទ្របក្សណា ដើម្បីប្រយោជន៍អីនោះ គឺយើងឃើញច្បាស់ ប៉ុន្តែគេគ្រាន់តែយក ពាក្យសង្គមស៊ីវិល ជាអង្គការសមាគមឯករាជ្យនេះ មកធ្វើជាខែល ដើម្បីបិទបាំងនូវ នយោបាយទុច្ចរិត ដែលនៅក្នុងសកម្មភាពជាក់ស្ដែង ពួកគេធ្វើតែប៉ុណ្ណោះ។

លោក សេរីរដ្ឋា បានបញ្ជាក់ថាៈ “អ្វីដែលរាជរដ្ឋាភិបាល បានរកឃើញនូវភស្តុតាង ពាក់ព័ន្ធនឹងការជួបជុំសមាជិក ដោយមិនគោរពតាម ច្បាប់លក្ខន្តិកៈរបស់សមាគមរបស់ ខ្លួនឯង ហើយដែលបំពានទៅលើ គេហៅថា សិទ្ធិសេរីភាពរបស់ប្រជាកសិករ ជាពិសេស គឺ សេរីភាពរបស់សមាជិករបស់សមាគមខ្លួនតែម្ដង រហូតដល់មានការប្រមូលទូរស័ព្ទ អ្នកដែលចូលរួមទាំងអស់ ទុកមួយកន្លែង កាច់កាមេរ៉ាចុះក្រោម រួចហើយធ្វើសកម្មភាព អូសទាញបញ្ចុះបញ្ចូល សារនយោបាយ ឲ្យក្រោកឡើងប្រឆាំង បះបោរចលនាអីមួយ ដើម្បីរហូតក្លាយទៅជាគេហៅថា អាចក្លាយទៅជាបដិវត្តន៍កសិករទ្រង់ទ្រាយធំមួយ ដើម្បីទម្លាក់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត. នេះមិនមែនជាការងាររបស់ អង្គការសមាគមទេ មិនមែនជាអង្គការសមាគមស៊ីវិល ធ្វើការងារអញ្ចឹងទេ វាមានតែ កិច្ចការរបស់ចលនានយោបាយបក្សនយោបាយ ហើយបើបក្សនយោបាយទៀតសោត ធ្វើអញ្ចឹង ក៏វាអត់ត្រូវដែរ ពីព្រោះបក្សនយោបាយ បង្កើតឡើងសម្រាប់ចូលរួមការបោះ ឆ្នោត ស្របតាមរបៀបរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានកំណត់ នៅក្នុងអាណត្តិ នីមួយៗ គឺចូលរួមបោះឆ្នោត ទាល់តែដល់ពេលយុទ្ធនាការបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោត ហើយទទួលបានសំឡេងឆ្នោត ពីប្រជាពលរដ្ឋ​នៅក្នុងអាណត្តិ គឺថាដឹកនាំនៅក្នុងអណត្តិរបស់ខ្លួន បើមិនទទួលបានសំឡេងឆ្នោតទេ គឺអត់បានទទួលសិទ្ធិដឹកនាំ នៅក្នុងអាណត្តិទេ។ នេះបើចំពោះនយោបាយរបស់ គណបក្សនយោបាយ។ ប៉ុន្តែនេះជាអង្គការសង្គមស៊ីវិល ដែលចុះបញ្ជីជាអង្គការសមាគម ប៉ុន្តែទៅធ្វើកិច្ចការលើសពី គណបក្សនយោបាយ ទៅបញ្ចុះបញ្ចូលអូសទាញប្រជាពលរដ្ឋ ជាក្រុមឲ្យចូលធ្លុងសកម្មភាពរបស់ខ្លួន ងើបឡើងប៉ះបោរប្រឆាំងរដ្ឋាភិបាល វាទៅជា ចលនាឧទាម។ វាទៅជាចលនានយោបាយ ដែលមិនត្រូវច្បាប់ ហើយដែលយើងអាច ចាត់ទុកថាជាចលនានយោបាយ បង្កបង្កើតទៅជាបដិវត្តន៍កសិករមួយ ដើម្បីប្រឆាំងនឹងរាជ រដ្ឋាភិបាល ប្រឆាំងនឹងសន្តិភាពដែលកំពុងតែផ្ដល់ម្លប់ៗ ជូនជាតិ មាតុភូមិ និងមានការ អភិវឌ្ឍ រុងរឿង ដូចបច្ចុប្បន្ននេះ”។

អ្នកតាមដានព្រឹត្តិការណ៍រូបនេះ បានបន្តថាៈ ពួកគេមានចេតនាទុច្ចរិត អញ្ចឹងការចាប់ការ ឃាត់ខ្លួន និងការសម្រេចរបស់តុលាការ គឺមើលឃើញថា ជាការសម្រេចតាមផ្លូវច្បាប់ ហើយស្របច្បាប់ ពីព្រោះជនណាក៏ដោយ បើសិនជាបំផ្លិចបំផ្លាញស្ថេរភាពនយោបាយ បំផ្លិចបំផ្លាញសន្តិភាព បំផ្លិចបំផ្លាញសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺវាខុសច្បាប់ធ្វើសកម្មភាពហ្នឹង វាខុសច្បាប់។ ហើយតុលាការ កាលណា មានភស្តុតាង គ្រប់គ្រាន់ មានឯកសារគ្រប់គ្រាន់ រួមជាមួយនឹងសកម្មភាពជាក់ស្ដែង ដែលពួកក្រុមជន សង្ស័យ បានកំពុងនឹងធ្វើនោះ វាគ្រប់គ្រាន់នឹងយកច្បាប់អនុវត្តហើយ ពីព្រោះយើងឃើញ ថា បើទោះបីជាមានការស្រែកតវ៉ាទាមទារ អំពីសហគមន៍អន្តរជាតិខ្លះ បរទេសខ្លះ ប៉ុន្តែលោកគិតថា ក្រុមសហគមន៍អន្តរជាតិ ឬបរទេសដែលស្រែកទាមទារការពារជន ប្រភេទហ្នឹង គឺប្រហែលជាអ្នកផ្ដល់ជំនួយឲ្យហ្នឹងហើយ។ ជាអ្នកផ្តល់ជំនួយឲ្យ ជាអ្នកផ្ដល់ លុយឲ្យ ជាអ្នកគាំទ្រ ដើម្បីចង់ធ្វើឲ្យកម្ពុជា បាត់បង់សន្តិភាព ឲ្យកម្ពុជាបាត់បង់ស្ថេរភាព និងគ្មានលំនឹងនយោបាយ ជាពិសេសនៅដំណាក់កាល ដែលកម្ពុជាកំពុងតែត្រៀម លក្ខណៈ រៀបចំការបោះឆ្នោត នីតិកាលទី៧ ដែលនឹងមកដល់ នៅក្នុងរយៈពេល ៦០ ថ្ងៃទៀតនេះ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គណបក្សនយោបាយទាំងអស់ ដែលគេជាក្រុមអ្នកប្រជាធិបតេយ្យសេរីពិតប្រាកដ គឺគេបានចុះបញ្ជីបេក្ខជន ចូលរួមប្រកួត តាមការបោះឆ្នោតហើ ​វាមានតែគណបក្ស នយោបាយ ដែលមើលងាយការបោះឆ្នោត ហើយដែលមិនឲ្យតម្លៃ ទៅលើសំឡេងឆ្នោត លទ្ធផលឆ្នោតរបស់ប្រជាពលរដ្ឋ តែងតែរកលេសគ្រប់សព្វបែបយ៉ាង ពន្យារពេល ឬក៏អូសបន្លាយពេលវេលា ទៅស៊ីឡាក់ នៅឯទីចុងក្រោយ ដើម្បីប្រជាប្រិយភាពអីមួយ តែវាមិនបានសម្រេចទៅ វាទៅជារឿងមួយផ្សេង។

ប្រភពដដែល បានសង្កត់ធ្ងន់ថាៈ ក្រុមនយោបាយដែលពួកគេបង្កប់នៅក្រោមស្លាកអង្គការ សង្គមស៊ីវិលនេះ គឺមិនមែនទើបតែមានមួយករណីហ្នឹងទេ វាមានច្រើនករណី ហើយវាមាន ច្រើនទៀត អង្គការសមាគម ឬក៏សហជីព ដែលពួកគេបង្កើតទទួលលុយគាំទ្រ ពីបរទេស យកមកធ្វើសកម្មភាពបំផ្លិចចបំផ្លាញសន្តិភាព និងសុវត្ថិភាព ស្ថេរភាពនយោបាយ ក្នុងប្រទេសកម្ពុជា គឺជាចេតនារបស់ពួកគេ ដើម្បីធ្វើយ៉ាងម៉េច ចង់ឲ្យកម្ពុជាហ្នឹង គឺថាវិលត្រឡប់ទៅអតីតកាលមួយវិញ ដែលមានតែការបែកបាក់។ ពួកគេធ្វើចលនាក្រោម ស្លាកអង្គការ សហជីព ឬក៏សមាគមសង្គមស៊ីវិល ក៏ប៉ុន្តែតាមពិត គឺជាសកម្មជន នយោបាយ ដែលធ្វើសកម្មភាព ស្របតាមរបៀបវារៈនយោបាយ និងបេសកកម្មនយោ បាយ តែមួយ ដែលមានមេ មានកើយ មានបក្ស មានអ្នកដឹកនាំ ច្បាស់លាស់មួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ធ្វើយ៉ាងម៉េច ឲ្យមានការប៉ះបោរងើបឡើង របស់ប្រជាពលរដ្ឋ តាមការបញ្ជេះកំហឹងរបស់ពួកគេ គឺទាមទារទម្លាក់រដ្ឋាភិបាល ដែលស្របច្បាប់ ពីអំណាច។ អញ្ចឹងកម្ពុជាមានច្បាប់ កម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយក៏មានច្បាប់គ្រប់គ្រងអង្គការសមាគម គណបក្សនយោបាយ ហើយក្រៅពីហ្នឹង ក៏មានច្បាប់ជាច្រើនថែមទៀត ដែលនីតិវិនិច្ឆ័យ ឬក៏ប្រព័ន្ធតុលាការរបស់កម្ពុជា យកមក ប្រើប្រាស់ ដើម្បីការពារសុខសន្តិភាព ជូនប្រជារាស្រ្ត ដើម្បីការពារឲ្យកម្ពុជា ឆ្លងផុតនូវ រឿងរ៉ាវគ្រប់សព្វបែបយ៉ាងទាំងអស់ ដែលជារឿងអាក្រក់។ ពីព្រោះកម្ពុជា ពេលនេះ កំពុងតែរស់នៅក្នុងសុបិនសន្តិភាព មួយដ៏ល្អ ដែលសហគមន៍ អន្តរជាតិ ពិភពលោក គេទទួលស្គាល់ ក្រោយពេលមានវិបត្តិកូវីដ ១៩ ឥឡូវនេះ បើសិនជាមានជនណាមួយ ដែលគាត់ប្រព្រឹត្តមិនត្រឹមត្រូវ លោកគាំទ្រនូវទង្វើអនុវត្តច្បាប់ ដើម្បីការពារនូវសមិទ្ធផល សន្តិភាព និងធ្វើឲ្យកម្ពុជា មានសន្តិភាពរុងរឿង ជាអមតៈ កុំឲ្យកំទេចកំទី កករល្អក់បន្តិច បន្តួច ដោយជនដែលចង់ធ្វើឱ្យកម្ពុជា ច្របូលច្របល់នេះ គឺថាប៉ះពាល់ខូចប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលកំពុងរស់នៅសុខសាន នៅក្នុងយុគសម័យ សន្តិភាពនេះ៕/V/R

Post navigation